
ទិន្នន័យដែលបានចេញផ្សាយ នៅថ្ងៃចន្ទ (ទី១៣ ខែឧសភា) នេះ បានបង្ហាញថា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាក់ជនល្មើសបរទេស បានហក់ឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៣ ដោយកើនឡើង ២៨ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកម្រិតនេះកើតមានឡើងក្នុងពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ នៅអឺរ៉ុប ពាក់ព័ន្ធនឹងចោរព័ត៌មានវិទ្យា និងចារកម្មរុស្ស៊ី ក្នុងរយៈពេលនៅមុនការបោះឆ្នោត។
ក្នុងពេលពេលបង្ហាញរបាយការណ៍ នៅការិយាល័យនគរបាលព្រហ្មទណ្ឌសហព័ន្ធ នៅទីក្រុង Wiesbaden រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បាននិយាយថា៖ «កម្រិតនៃការគំរាមកំហែង នៅក្នុងតំបន់ ពាក់ព័ន្ធនឹងសន្តិសុខអ៊ីនធឺណិត នៅតែមានកម្រិតខ្ពស់ដដែល»។
ចំនួនឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែលបានប្រព្រឹត្តដោយតួអង្គបរទេស បានកើនឡើងជាលំដាប់ ចាប់តាំងពីអាជ្ញាធរអាល្លឺម៉ង់ បានចាប់ផ្តើមចងក្រងតួលេខនេះ នៅឆ្នាំ២០២០។ ក្នុងឆ្នាំ២០២២ ការកើនឡើង គឺ ៨ភាគរយ។ កាលពីដើមខែនេះ អាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីថា បានបើកការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនការពារជាតិ និងអាកាសចរណ៍ ហើយនិងគណបក្សកាន់អំណាច។
លោកស្រី Faeser បាននិយាយថា៖ «ការវាយប្រហារទាំងនេះ ដែលមានរួមចំណែកដល់ការស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី បង្ហាញឲ្យឃើញថា តើការគំរាមកំហែង មានទំហំធំកម្រិតណា។ យើងនឹងមិនត្រូវបានបំភិតបំភ័យដោយរបបរុស្ស៊ីនោះទេ។ យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់យើងមិនឲ្យរងផលប៉ះពាល់ដោយសារសកម្មភាពតាមអ៊ីនធឺណិតរបស់រុស្ស៊ី ហើយយើងនឹងបន្តគាំទ្រអ៊ុយក្រែន»៕