
យោធាអ៊ុយក្រែននៅកាលពីថ្ងៃចន្ទនេះ បានទទួលថា កងកម្លាំងរុស្ស៊ី កំពុងបង្កើនការវាយលុករបស់ពួកគេនៅក្នុងតំបន់ខាគីវភាគឦសាន។
កងទ័ពរបស់ទីក្រុងមូស្គូ បានចូលរួមនៅក្នុងការជំរុញរួមគ្នាមួយ ចូលទៅក្នុងតំបន់នេះ ដោយបង្កើនការព្រួយបារម្ភ ក្នុងចំណោមប្រជាជនអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេថា ការវាយលុកទ្រង់ទ្រាយធំលើទីក្រុងធំខាគីវ កំពុងកើតឡើង។
ទីក្រុងខាគីវ ដែលជាទីក្រុងធំជាងគេទីពីរ នៅអ៊ុយក្រែន ស្ថិតនៅចម្ងាយតែ ៣០គីឡូម៉ែត្រភាគខាងត្បូងនៃព្រំដែនរុស្ស៊ី។
អគ្គសេនាធិការអ៊ុយក្រែន បាននិយាយនៅក្នុងរបាយការណ៍ស្ថានភាពរបស់ខ្លួនដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅព្រឹកថ្ងៃចន្ទនេះថា៖«សត្រូវបច្ចុប្បន្ន កំពុងទទួលបានភាពជោគជ័យជាយុទ្ធសាស្ត្រ»។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា បន្ទាប់ពីការដណ្តើមបានភូមិជាច្រើននៅក្នុងតំបន់ខាគីវ ដែលភាគច្រើននិយាយភាសារុស្សីនោះ ការប្រយុទ្ធគ្នា កំពុងប្រព្រឹត្តទៅនៅជុំវិញទីក្រុង Vovchansk ដែលមានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។