
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានយល់ព្រមផ្តល់ជំនួយចំនួន ២៤ពាន់លានរូពី (៨៦,២៥ លានដុល្លារ) នៅពីថ្ងៃចន្ទនេះ សម្រាប់តំបន់កាស្មៀរ ( Kashmir) ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ជាទីដែលមានការតវ៉ាដោយហិង្សាជាច្រើនថ្ងៃជុំវិញអតិផរណា។
លោក Shah Nawaz មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា មន្ត្រីនគរបាលម្នាក់ បានស្លាប់ និងជាង ៩០នាក់ បានរងរបួស នៅពេលដែលមនុស្សរាប់ពាន់នាក់ បានប៉ះទង្គិចជាមួយនគរបាលនៅក្នុងតំបន់កាលពីចុងសប្តាហ៍។
លោកបាននិយាយថា អាជីវកម្ម និងការដឹកជញ្ជូនភាគច្រើន នៅតែបិទសម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នានៅថ្ងៃចន្ទនេះ។
សម្ព័ន្ធនៃក្រុមសិទ្ធិមនុស្ស បាននិងកំពុងដឹកនាំយុទ្ធនាការនេះ ដោយទាមទារឲ្យរដ្ឋាភិបាលផ្តល់ឲ្យតំបន់នេះនូវការឧបត្ថម្ភធនលើអគ្គិសនី និងតម្លៃស្រូវសាលី ក្នុងអំឡុងពេលអតិផរណាដែលកំពុងកើនឡើង នេះ។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Sharif មិនបានបញ្ជាក់ពីរបៀបដែលជំនួយនេះ នឹងត្រូវប្រើប្រាស់នោះទេ។
ការតវ៉ានេះ កើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់បេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីចរចាប្រាក់កម្ចីរយៈពេលវែងថ្មីមួយ ជាមួយទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីខ្លួន បានចេញការព្រមានថា ហានិភ័យធ្លាក់ចុះសម្រាប់សេដ្ឋកិច្ចប៉ាគីស្ថាន នៅតែមានកម្រិតខ្ពស់យ៉ាងខ្លាំង។
អតិផរណា បានធ្លាក់ចុះមកត្រឹម ១៧,៣ ភាគរយ ក្នុងខែមេសា គឺទាបជាងការព្យាករណ៍របស់រដ្ឋាភិបាល ដែលរំពឹងថា នឹងមានការរីកចម្រើនបន្ថែមទៀត នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ ក្នុងប៉ុន្មានខែខាងមុខនេះ។