ភ្នំពេញ : ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ លើផ្នែកសុខាភិបាល, នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ភាគីពាក់ព័ន្ធ ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ដោយសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅ ៩៥ទាំងបី ហើយប្រសិនបើមានវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យនានាឱ្យបានគ្រប់ជ្រុងជ្រោយ យើងសង្ឃឹមថា នឹងសម្រេចបាននូវគោលដៅទាំងបី។
ឯកឧត្ដមក៏បានស្នើឱ្យពិចារណាចំពោះការព្យាបាលលើកុមារផ្ទុកមេរោគអេដស៍ ដែលសម្រេចបានប្រ មាណជា ៦០ ភាគរយតែប៉ុណ្ណោះ។ ចំណែកអត្រាចម្លងពីម្តាយទៅកូន មានអត្រាប្រមាណជា ៩ ភាគរយ។ ត្រូវបញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងប្រព័ន្ធជាតិសុខាភិបាលតែមួយ ដោយឱ្យគ្រប់មន្ទីរពេទ្យទាំងអស់ អាចស្វែរកព្យាបាល និងថែទាំជំងឹអេដស៍។
សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំពិភាក្សាការងារខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការធ្វើបទបង្ហាញស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងបទបង្ហាញស្តីពីផែនការយុទ្ធសាស្រ្ត ដើម្បីបង្ការការរាលដាលជំងឺអេដស៍ ជំងឺកាមរោគ និងថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ និងជំងឺកាមរោគក្នុងវិស័យសុខាភិបាល ដោយលោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងបទបង្ហាញស្តីពីថាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងកិច្ចពិភាក្សាផ្តល់ធាតុចូលសម្រាប់ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ផ្នែកសុខាភិបាល៕
អត្ថបទ÷ រដ្ឋា














