
និយោជិត ៤៩នាក់នៃសារមន្ទីរវ៉ាទីកង់ បានចាប់ផ្តើមវិវាទផ្នែកការងារដែលមិនធ្លាប់មានពីមុនមក ជុំវិញអ្វីដែលពួកគេនិយាយថា ជាលក្ខខណ្ឌមិនយុត្តិធម៌ និងមិនល្អ នៅកន្លែងធ្វើការរបស់ពួកគេ ដែលនេះអាចនាំឲ្យមានការប្តឹងផ្តល់ដ៏គួរឲ្យអាម៉ាស់ប្រឆាំងនឹងរដ្ឋបាលរបស់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស។
លោកស្រីមេធាវី Laura Sgrò ដែលតំណាងឲ្យនិយោជិតទាំងនោះ បាននិយាយថា បុគ្គលិកការងារដែលភាគច្រើនមានពាក់ព័ន្ធនឹងសារមន្ទីរ បានផ្ញើញត្តិទៅកាន់ «Governatorato» របស់បុរីវ៉ាទីកង់ ដែលនេះជាស្ថាប័នគ្រប់គ្រងរដ្ឋបុរីវ៉ាទីកង់ ដោយត្អូញត្អែរពីច្បាប់ដែលបង្កើតឲ្យមាន «លក្ខខណ្ឌការងារ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសុខភាពរបស់កម្មករម្នាក់ៗ»។
លោកស្រី Sgrò បានប្រាប់ថា ក្នុងញត្តិនោះ ពួកគេរួមបញ្ចូលទាំងម៉ោងការងារបន្ថែមដែលទទួលបានតម្លៃឈ្នួលទាប ព្រមទាំងការផ្តល់ផ្នែកសុខភាព និងសុវត្ថិភាពមិនបានគ្រប់គ្រាន់។ អ្នកស្រីបានបន្តថា៖ «កម្មករបានសម្រេចចាប់ផ្ដើមចំណាត់ការនេះ បន្ទាប់ពីរាល់ការទាមទារ និងសំណើរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះមិនទទួលបានការឆ្លើយតប»។
សហជីពមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបុរីវ៉ាទីកង់ទេ។ អ្នកនាំពាក្យរបស់សារមន្ទីរវ៉ាទីកង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ ព័ត៌មាននេះត្រូវបានរាយការណ៍ដំបូង កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) ដោយសារព័ត៌មាន Il Corriere della Sera។
សូមបញ្ជាក់ថា និយោជិត ៤៩នាក់ ក្នុងចំណោមមនុស្សសរុបប្រហែល ៧០០នាក់ ដែលធ្វើការនៅសារមន្ទីរវ៉ាទីកង់ សុទ្ធតែជាពលរដ្ឋអ៊ីតាលី ហើយបានធ្វើការនៅបុរីវ៉ាទីកង់នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ការដាក់ញត្តិនេះ គឺតំណាងឲ្យជំហានផ្លូវការដំបូង ក្នុងដំណើរការផ្សះផ្សាកាតព្វកិច្ច នៅក្រោមច្បាប់របស់បុរីវ៉ាទីកង់។ ប្រសិនបើនីតិវិធីផ្សះផ្សាមិនសម្រេចបាននោះទេ សំណុំរឿងអាចត្រូវបានបញ្ជូនទៅតុលាការរបស់បុរីវ៉ាទីកង់៕