
ប្រសិនបើលោកខាងលិចចង់ប្រយុទ្ធ ដើម្បីអ៊ុយក្រែន នៅសមរភូមិ រុស្ស៊ីត្រៀមខ្លួនរួចហើយ សម្រាប់សង្គ្រាមនេះ។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសស្ដីទីរុស្ស៊ីលោក Sergei Lavrov ដែលត្រូវបានដកស្រង់ នាថ្ងៃចន្ទ (ទី១៣ ខែឧសភា)។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីរបស់លោក Lavrov ដែលនិយាយថា៖ «វាជាសិទ្ធិរបស់ពួកគេ (លោកខាងលិច) ប្រសិនបើពួកគេចង់ឲ្យវាកើតមាននៅសមរភូមិ វានឹងមាននៅសមរភូមិ»។
រុស្ស៊ីបានបង្កើនការព្រមានអំពីហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអង្គការណាតូ ចាប់តាំងពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនព្រមច្រានចោលនូវលទ្ធភាពដែលទាហានលោកខាងលិចអាចនឹងត្រូវបញ្ជូនទៅកាន់ទីនោះ (អ៊ុយក្រែន)។
វិមានក្រឹមឡាំង កាលពីសប្តាហ៍មុន បានប្រាប់ថា ការបញ្ជូនទាហានរបស់អង្គការណាតូចូលទៅក្នុងដែនដីអ៊ុយក្រែនអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។ ហើយប្រធានាធិបតី លោក Vladimir Putin បាននិយាយថា វាអាចនាំឲ្យមានសង្គ្រាមលោកលើកទី៣។
គួរបញ្ជាក់ថា លោក Lavrov ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសអស់រយៈពេល ២ទសវត្សរ៍ បានកំពុងនិយាយនៅក្នុងសវនាការសភា ស្តីពីការតែងតាំងលោកឲ្យកាន់តំណែងនៅក្នុងរដ្ឋាភិបាលថ្មី ដែលកំពុងត្រូវបានបង្កើតឡើង បន្ទាប់ពីលោក Putin បានចាប់ផ្តើមអាណត្តិ ៦ឆ្នាំថ្មី នៅក្នុងខែនេះ៕