យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់នៅតំបន់ទីក្រុង ព័រតូ អាឡេក្រេ (Porto Alegre) របស់រដ្ឋ រីអូ គ្រែនដេ ដូស៊ូល (Rio Grande do Sul) ភាគខាងត្បូងរបស់ប្រទេសប្រេស៊ីល បាននាំឲ្យមានឧក្រិដ្ឋកម្មជាច្រើនករណីកើតឡើង រួមទាំងអំពើប្លន់ និងការលួចទ្រព្យសម្បត្តិជាដើម។

ទឹកជំនន់នេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមតិចជាងពីរសប្តាហ៍មុន។ ភ្លៀងធ្លាក់កាន់តែច្រើនកាលពីថ្ងៃអាទិត្យ ១២ ឧសភា និងមានភ្លៀងធ្លាក់បន្ថែមទៀតកាលពីថ្ងៃចន្ទ ១៣ ឧសភា។

ក្រុមអាជ្ញាធរបាននិយាយថាកងកម្លាំងនគរបាល បាននិងកំពុងល្បាតនៅតំបន់ទឹកជន់លិច ដែលពិបាកចូលទៅដល់ ហើយបានសង្កេតឃើញនគរបាលប្រដាប់អាវុធជាច្រើនចុះពិនិត្យផ្ទះដែលគេទុកចោល និងស្ថានីយប្រេងឥន្ធនៈដែលត្រូវគេចូលលួចប្លន់។
ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងរដ្ឋ រីអូ គ្រែនដេ ដូស៊ូល ភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៧នាក់ ខណៈមនុស្ស ១២៧ នាក់នៅតែបាត់ខ្លួន។

ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទឹកក្នុងទន្លេ និងបឹងជាច្រើន ក្នុងតំបន់នេះ ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ស្របពេលទឹកជំនន់បានបិទផ្លូវ និងរំខានដល់ការដឹកជញ្ជូន ដែលបណ្តាលឱ្យមានការខ្វះខាតទំនិញសំខាន់ៗនៅក្នុងតំបន់មួយចំនួន៕