ប្រធានក្រុមប្រដាប់អាវុធហេសបូឡានៅប្រទេសលីបង់ដ៏មានឥទ្ធិពល បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជននៅភាគខាងជើងប្រទេសអ៊ីស្រាអែល នឹងមិនអាចត្រឡប់ទៅលំនៅឋានវិញទេ សម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាថ្មី ប្រសិនបើរដ្ឋាភិបាលរបស់ពួកគេបន្តការវាយលុកនៅតំបន់ហ្កាហ្សាស្ទ្រីប។

ក្រុមហេសបូឡា បាននឹងកំពុងបាញ់តបតជាមួយយោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ ស្របពេលសង្រ្គាមនៅតំបន់ហ្កាហ្សា។
ក្រុមប្រដាប់អាវុធបាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតទៅលើប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនគឺក្រុមប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីន និងដើម្បីរារាំងអ៊ីស្រាអែលពីការវាយប្រហារទៅលើប្រទេសលីបង់។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃចន្ទ លោក Sayyed Hassan Nasrallah បាននិយាយដដែលៗថា ក្រុមរបស់លោកនឹងបន្តប្រយុទ្ធ ដរាបណាអ៊ីស្រាអែលនៅបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា។

ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេបូឡា បានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួននៅទាំងសងខាងព្រំដែន និងបង្កឱ្យមានការភ័យខ្លាចចំពោះសង្គ្រាមរីកកាន់តែធំរវាងសត្រូវប្រដាប់អាវុធដ៏ខ្លាំងក្លាទាំងពីរនេះ។
អ៊ីស្រាអែល បាននិយាយថា ខ្លួនចង់ធានាឲ្យបានសម្រាប់ប្រជាជននៅភាគខាងជើង ឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ទោះតាមរយៈកិច្ចព្រមព្រៀងផ្នែកការទូតដែលត្រូវបានសម្របសម្រួល ឬ ការវាយប្រហារដោយយោធាទៅលើប្រទេសលីបង់ក៏ដោយ។
គ្រួសារជាច្រើន ដែលបានភៀសខ្លួន នៅភាគខាងជើងអ៊ីស្រាអែល សង្ឃឹមថានឹងបានវិលត្រឡប់ទៅលំនៅឋានវិញនៅថ្ងៃទី ១ ខែកញ្ញា សម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាថ្មី។