ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (១៣ ឧសភា) ថាក្រុមប្រដាប់អាវុធកំពុងបន្តបើកការវាយប្រហារដោយសម្របសម្រួលទៅលើជនស៊ីវិលនៅក្នុងតំបន់លំនៅឋានមួយចំនួននៃរដ្ឋធានី ព័រអូប្រាំង របស់ប្រទេសហៃទី។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ឃុំ ហ្រ្គេស្ហៀ (Gressier) ភាគខាងត្បូងទីក្រុង ព័រអូប្រាំង ត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ ហើយលំនៅឋានជាច្រើនខ្នងត្រូវបានដុតបំផ្លាញ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា អ្នកស្រុកក្នុងចំនួនដ៏ច្រើនបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។

ការិយាល័យនេះបាននិយាយថា បច្ចុប្បន្នមានជនភៀសខ្លួនខាងក្នុងចំនួន ៣៦២.០០០ នាក់ ដែលពាក់កណ្តាលនៃពួកគេជាកុមារនៅប្រទេសហៃទី។ អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានរាយការណ៍ថាមនុស្សប្រហែល ៩៥.០០០ នាក់បានភៀសខ្លួនចេញពីរដ្ឋធានីនៅចន្លោះថ្ងៃទី០៨ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា ដោយ ៦០ ភាគរយនៃពួកគេបានផ្លាស់ទីលំនៅទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសហៃទី។

ចាប់តាំងពីថ្ងៃទី០១ ខែមីនា កម្មវិធីស្បៀងអាហារពិភពលោក WFP បានជួយមនុស្សជាង ៨០០.០០០ នាក់ទូទាំងប្រទេស តាមរយៈកម្មវិធីផ្តល់អាហារដល់សាលារៀន ភាពអាសន្ន និងកម្មវិធីធន់ទ្រាំនឹងវិបត្តិ។ ទីភ្នាក់ងារ OCHA បន្ថែមថា ខ្លួនបានចែកចាយអាហារដល់ជនភៀសខ្លួនជាង ៩៥.០០០ នាក់នៅក្នុងតំបន់រដ្ឋធានីដែលហែកហួរដោយអំពើហិង្សានេះ៕