ប្រភពចំនួនបួនបាននិយាយថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានធ្វើសមយុទ្ធរួមគ្នាយ៉ាងស្ងាត់ៗនៅសមុទ្រប៉ាស៊ីហ្វិក ក្នុងខែមេសា ដែលមិនបានបង្ហាញជាផ្លូវការនោះទេ ខណៈយោធាទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ស្របពេលមានការគំរាមកំហែងខាងយោធារបស់ចិនកើនឡើង។

សមយុទ្ធដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនេះបានធ្វើឡើងកាលពីខែមុន នៅតំបន់ប៉ាស៊ីហ្វិកខាងលិច នេះបើយោងតាមប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃបញ្ហានេះ។ ប្រភពនោះបាននិយាយថា សមយុទ្ធនេះមិនមានជាផ្លូវការទេ ហើយត្រូវបានគេដាក់ឈ្មោះថា «ការជួបប្រជុំគ្នានៅសមុទ្រដែលមិនបានគ្រោងទុក» ដោយចង្អុលទៅកិច្ចព្រមព្រៀងដ៏ស្ងប់ស្ងាត់មួយ ដែលភាគីទាំងសងខាងអះអាងថា សមយុទ្ធនេះគ្រាន់តែជាលទ្ធផលនៃការជួបគ្នាដោយចៃដន្យប៉ុណ្ណោះ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានសកម្មភាពយោធារបស់ចិនស្ទើរតែរាល់ថ្ងៃ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ និងសមយុទ្ធដោយកងកម្លាំងចិន នៅជិតកោះនេះ។

ការចូលរួមផ្នែកយោធារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ រួមទាំងដំណើរទស្សនកិច្ច និងការហ្វឹកហ្វឺន ភាគច្រើនធ្វើឡើងដោយស្ងាត់ៗ ហើយមិនសូវត្រូវបានបង្ហាញជាផ្លូវការទេ ដោយសារតែការជំទាស់របស់ប្រទេសចិន ចំពោះទំនាក់ទំនងយោធាណាមួយរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ៕