ប្រទេសចិន កាលពីថ្ងៃចន្ទ (១៣ ឧសភា) បានច្រានចោលការចោទប្រកាន់របស់ហ្វីលីពីន ដែលថាខ្លួនបានព្យាយាមសាងសង់កោះសិប្បនិម្មិតមួយនៅក្នុងដែនទឹកដែលមានជម្លោះ ខណៈហ្វីលីពីន បាននិយាយថា ខ្លួននឹងរក្សាការយាមកាមឱ្យកាន់តែជិតស្និទ្ធលើកោះផ្កាថ្មប៉ប្រះទឹក កោះថ្មប៉ប្រះទឹក និងកូនកោះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។

ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា ខ្លួនបានដាក់ពង្រាយនាវាមួយគ្រឿងទៅកាន់ដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal) នៅលើប្រជុំកោះ ស្រ្ពាតលី (Spratly) ជាទីដែលខ្លួនបានចោទប្រកាន់ចិន ថាបានសាងសង់កោះសិប្បនិម្មិតមួយ ដោយការចាក់គំនរថ្ម និងកំទេចផ្កាថ្មនៅលើនោះ។
ក្រសួងការបរទេសចិន បានច្រានចោលការចោទប្រកាន់ចុងក្រោយរបស់ទីក្រុងម៉ានីល នេះថាជា «ពាក្យចចាមអារ៉ាមសុទ្ធសាធ និងគ្មានមូលដ្ឋានច្បាស់លាស់»។

អ្នកនាំពាក្យក្រសួង លោក វ៉ាង វិនពីន (Wang Wenbin) និយាយថា «ថ្មីៗនេះ ភាគីហ្វីលីពីនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមម្តងហើយម្តងទៀត ជេរប្រមាថចិនដោយចេតនា និងប៉ុនប៉ងបំភាន់សហគមន៍អន្តរជាតិ ដែលជារឿងឥតប្រយោជន៍»។
លោកបានជំរុញក្រុងម៉ានីល ឱ្យ «វិលទៅរកផ្លូវត្រឹមត្រូវនៃការដោះស្រាយជម្លោះដែនសមុទ្រឱ្យបានត្រឹមត្រូវតាមរយៈការចរចានិងការពិគ្រោះយោបល់»។ ថ្មប៉ប្រះទឹក សាប៊ីណា ស្ហូល (Sabina Shoal) គឺជាចំណុចជួបប្រជុំគ្នាសម្រាប់នាវាផ្គត់ផ្គង់កងទ័ពហ្វីលីពីន ដែលឈរជើងលើនាវាចម្បាំងមានមូលដ្ឋាននៅដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ជាទីដែលទីក្រុងម៉ានីល និងក្រុងប៉េកាំង មានការប៉ះទង្គិចជាញឹកញាប់៕
