កងកម្លាំងអ៊ីស្រាអែល បានវាយច្រានចូលជ្រៅទៅក្នុងជាយភាគខាងជើងតំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដើម្បីដណ្តើមតំបន់មួយយកមកវិញពីកណ្ដាប់ដៃក្រុមហាម៉ាស ខណៈរថក្រោះ និងកងទ័ពនៅភាគខាងត្បូង បានវាយប្រយុទ្ធរុលទៅមុខ ឆ្លងកាត់ផ្លូវហាយវេមួយចូលទៅក្នុងទីក្រុង រ៉ាហ្វា ដែលធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីន ភ័យស្លន់ស្លោររត់រកកន្លែងមានសុវត្ថិភាព។

ការប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតមួយចំនួន អស់រយៈពេលជាច្រើនសប្តាហ៍ កំពុងផ្ទុះឡើងទូទាំងភាគខាងជើង និងខាងត្បូង។ ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្រុងរ៉ាហ្វា ដែលជាប់ព្រំដែនអេហ្ស៊ីប បានបិទច្រកឆ្លងកាត់សំខាន់មួយសម្រាប់ការដឹកជញ្ជូនជំនួយ។ ក្រុមមនុស្សធម៌និយាយថា ការធ្វើបែបនេះ រុញឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំង។

មនុស្សរាប់សែននាក់កំពុងភៀសខ្លួនម្តងទៀត។ប្រជាជនប្រហែលពាក់កណ្តាលនៃដែនដីហ្កាហ្សាបានស្នាក់អាស្រ័យក្នុងជម្រកនៅទីនោះ បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យជម្លៀសចេញពីតំបន់ហ្កាហ្សាភាគខាងជើងកាលពីខែតុលា។
ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបានអំពាវនាវឱ្យមានសម្ពាធពីអន្តរជាតិលើអ៊ីស្រាអែល ឱ្យបើកច្រកឆ្លងកាត់ឡើងវិញតាមព្រំដែនភាគខាងត្បូង ដើម្បីអនុញ្ញាតឱ្យមានជំនួយ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើង និងរថយន្តសង្គ្រោះជាដើម។

អង្គការនេះបានបន្តថា អ្នករបួស និងអ្នកជំងឺ បានស្លាប់ ព្រោះគ្មានការព្យាបាល និងផ្គត់ផ្គង់ ហើយពួកគេមិនអាចធ្វើដំណើរបាន៕