បាត់ដំបង ៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយស្ត្រី ទើបឆ្លងកូវីដ១៩ មានទីលំនៅក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ទៅជួបមន្ត្រីសុខាភិបាលខេត្ត ដើម្បីយកសំណាកទៅពិនិត្យរកកូវីដ១៩ និងដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) ។
ក្នុងពេលចុះផ្សព្វផ្សាយបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣ ខែសីហា នេះក្នុងសង្កាត់ក្ដុលដូនទាវ លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្ន ស្ត្រីឆ្លងកូវីដ ១៩ ទើបមកពីអាមេរិកនោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយក្រុមគ្រូពេទ្យជួរមុខ បាននឹងកំពុងយកចិត្តដាក់ថែទាំ ។ ចំពោះអ្នកធ្លាប់ប្រាស្រ័យទាក់ទង អំឡុងស្ត្រីឆ្លងជំងឺកូវីដ១៩នេះ ជំនាញទើបរកឃើញបាន៨នាក់ ដែលជាសមាជិកក្រុមគ្រួសារ ខណៈអ្នកផ្សេងទៀត មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវស្វែងរកបន្ថែម ។
លោកវេជ្ជបណ្ឌិត បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន បន្តជួយស្រាវជ្រាវរកអ្នកធ្លាប់ជួបប្រាស្រ័យជាមួយ អ្នកជំងឺ ដើម្បីឲ្យពួកគេទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅពិនិត្យ និងដើម្បីធ្វើចត្តាឡីស័ក ចៀសវាងកុំឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍ ។
លោក អែម ស៊ីយឿន ចៅសង្កាត់ក្ដុលដូនទាវ បានបញ្ជាក់ថា ក្រោយពីការរកឃើញផ្ទុកកូវីដ១៩ លើស្ត្រីម្នាក់ ក្នុងតំបន់នេះ ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ដោយអ្នកខ្លះមិនហានចេញក្រៅ ។
ស្ត្រី ដែលទើបឆ្លងកូវីដ១៩ រស់នៅក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបងនេះ គឺជាអ្នកជំងឺ កូវីដទី ៩ហើយ ដែលបានរកឃើញនៅក្នុងខេត្តបាត់ដំបង ខណៈអ្នកឆ្លងចំនួន៨នាក់ ផ្សេងទៀត បានជាសះ ស្បើយអស់ហើយ៕
អត្ថបទ៖ បាន សុខរិទ្ធ



