ទួរគី៖ ក្រុមអ្នកពន្លត់អគ្គិភ័យដែលកំពុងប្រើយន្តហោះ និងឧទ្ធម្ភាគចក្រ និងអ្នកស្រុកដែលប្រដាប់ដោយធុងទឹក បានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអស់រយៈពេល ៦ថ្ងៃជាប់ៗគ្នានៅជិតរមណីយដ្ឋានភាគខាងត្បូងក្នុងប្រទេសទួរគី ដែលរងគ្រោះដោយគ្រោះរាំងស្ងួត ហើយរដ្ឋាភិបាលបានប្រឈមនឹងការរិះគន់ថ្មីៗ អំពីការដោះស្រាយគ្រោះមហន្តរាយនេះ។

រដ្ឋមន្ត្រីក្រសួងព្រៃឈើ លោក Bekir Pakdemirli បាននិយាយថា ភ្លើងចំនួន ៧កន្លែងនៅតែបន្តឆេះកាលថ្ងៃចន្ទដោយសារសីតុណ្ហភាពលើសពី ៤០អង្សាសេខ្យល់បក់ខ្លាំង និងសំណើមទាប។ ខណៈពេលដែលយន្តហោះ ១៦គ្រឿង និងឧទ្ធម្ភាគចក្រ ៥១គ្រឿងបានជួយពន្លត់ភ្លើងឆេះព្រៃនៅទូទាំងភាគនិរតីប្រទេសទួរគី អ្នកភូមិដែលកាន់ធុងទឹកឡើងលើភ្នំដើម្បីព្យាយាមពន្លត់ភ្លើងនៅជិតតំបន់ Marmaris បាននិយាយថា រដ្ឋាភិបាលមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីជួយពួកគេទេ។ អ្នកភូមិជាច្រើនបានបាត់បង់លំនៅឋាន និងកសិដ្ឋានចិញ្ចឹមសត្វ និងមានបញ្ហាផ្លូវដង្ហើមស្របពេលដែលមានផ្សែងខ្លាំង៕
អត្ថបទ៖ សុខមាន