ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការនៅ សាធារណរដ្ឋកូរ៉េ បានចេញវីដេអូប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
ដូចសព្វមួយដង ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃក្រៅប្រទេស ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ ដែលកំពុងតែរស់នៅ ធ្វើការ និងសិក្សានៅក្រៅប្រទេស តែងតែចេញមកស្វាគមន៍ និងគាំទ្រចំពោះដំណើរទស្សកិច្ចរបស់ម្ដេចជានិច្ច។ ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងបន្តការសិក្សានៅកូរ៉េ បានបង្ហាញក្ដីសប្បាយរីករាយ និងរំពឹងខ្ពស់ពីសមិទ្ធផលនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់កំពូលរបស់កម្ពុជា និងបណ្ដាថ្នាក់ដឹកនាំប្រទេសជាមិត្ត។
សូមជម្រាបថា ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតលើកនេះ មានការអញ្ជើញអមដំណើរ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនៃទស្សនកិច្ចនេះសម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និង ឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo)។ សម្តេចធិបតីក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា