យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋបានចំនួនសរុបជាង ១,៣ លាននាក់ និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម ចំនួនប្រមាណជិត ៣ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤នេះថា ក្នុងចំនួនការងារដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការក្រៅប្រទេសជាង ១,៣លាននាក់ ក្នុងនោះ ប្រទេសថៃ មានចំនួនជាង ១,២លាននាក់ , សាធារណរដ្ឋកូរ៉េ ចំនួនជាង ៥ម៉ឺននាក់ , ប្រទេសជប៉ុន ចំនួនជាង ២ម៉ឺននាក់ , ប្រទេសម៉ាឡេស៊ី ចំនួនជាង ២ម៉ឺននាក់ , ប្រទេសសិង្ហបុរី ចំនួន ៨៧១នាក់ , តំបន់រដ្ឋបាលពិសេសហុងកុង ចំនួន ២១៨នាក់ និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ចំនួន ៦៤នាក់។
បើតាមរបាយការណ៍របស់ក្រសួងការងារ ពលករដែលធ្វើការនៅប្រទេសថៃ ជាមធ្យមទទួលបានប្រាក់ខែប្រមាណ ៤០០ដុល្លារ ក្នុង១ខែ , ម៉ាឡេស៊ី ទទួលបានប្រាក់ខែ ៣៤០ដុល្លារ , អារ៉ាប៊ីសាអូឌីត ទទួលបានប្រាក់ខែ ៤០០ដុល្លារ , ជប៉ុន ទទួលបានប្រាក់ខែ ១,៤០០ដុល្លារ , សិង្ហបុរី ទទួលបានប្រាក់ខែ ៥០០ដុល្លារ , កូរ៉េខាងត្បូង ទទួលបានប្រាក់ខែ ១,៥០០ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុង ទទួលបានប្រាក់ខែ ៥៩១ដុល្លារ ក្នុង១ខែ ហើយពលករទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម មានប្រមាណជាង ២,៩ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី