មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់មួយរូប បាននិយាយនៅថ្ងៃអង្គារទី១៤ឧសភានេះ ថា មនុស្សយ៉ាងហោចណាស់៥០ នាក់បានស្លាប់ ៣៧នាក់រងរបួស និង២៧ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីជំនន់កម្អែភ្នំភ្លើង បានវាយប្រហារខេត្ត ស៊ូម៉ាត្រាខាងលិច (West Sumatra) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។

លោក ហ្វាចា ស៊ូកម៉ា (Fajar Sukma) ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស៊ូម៉ាត្រាខាងលិច បាននិយាយថា ទោះបីដុំថ្មធំៗ និងសំណល់ជាច្រើនពីទឹកជំនន់បានរារាំងដល់ការស្វែងរកជនរងគ្រោះក៏ដោយ ក៏ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៧នាក់ទៀតនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតនេះដែរ ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា យើងបានរកឃើញសាកសពមួយចំនួនទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥០ នាក់ ។ ដុំថ្មធំៗ និងសំណល់ផ្សេងៗ បានរារាំងដល់ការស្វែងរក ប៉ុន្តែយើងបន្តស្វែងរកមនុស្ស ២៧នាក់ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ។
លោកនិយាយថា គ្រឿងចក្រមួយចំនួនបានទៅដល់តំបន់រងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរនោះហើយ។
លោកបានបន្ថែមថា ប្រតិបត្តិការស្វែងរកនឹងផ្តោតលើស្រុក តាណា ដាតា (Tanah Datar) និង ស្រុកអាហ្កាំ (Agam) ជាទីដែលអ្នកបាត់ខ្លួនទាំង២៧ នាក់ត្រូវបានរាយការណ៍។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) លោក អាប់ឌុល ម៉ូហារី (Abdul Muhari) បាននិយាយថា គ្រោះមហន្តរាយធម្មជាតិនេះ បានបង្ខំមនុស្ស ៣.៣៩៦នាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន ខណៈជំនន់កម្អែភ្នំភ្លើងត្រជាក់បានបំផ្លិចបំផ្លាញលំនៅឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕