ក្រុមការងារសម្អាតបំណែករបស់សហរដ្ឋអាមេរិក នៅទីក្រុង បាល់ទីម័រ (Baltimore) បានចាប់ផ្តើមការបំផ្ទុះដែលអាចគ្រប់គ្រងបាន កាលពីថ្ងៃចន្ទ (១៣ ឧសភា) ដើម្បីអនុញ្ញាតឱ្យពួកគេលើកយកផ្នែកមួយនៃស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី (Francis Scott Key) ដែលបានដួលរលំ ចេញពីផែ្នកខាងមុខនៃកប៉ាល់កុងតឺន័រដ៏ធំ ដែលបានបុកស្ពាននោះរលំនៅក្នុងខែមីនា។

កងវិស្វករនៃកងទ័ពអាមេរិក បាននិយាយថា ការបំផ្ទុះនេះ គឺចង់បំបែកកំណាត់ស្ពានទៅជាផ្នែកតូចៗ ដែលជួយឱ្យក្រុមអ្នកស្រង់បំណែក ប្រើឧបករណ៍ស្ទូច និងសាឡុងអូស ដើម្បីដឹកយកបំណែកដែកដែលបាក់បែកចេញ។ ការងារនោះ គ្រោងធ្វើដំបូងកាលពីថ្ងៃអាទិត្យមុននោះ ប៉ុន្តែត្រូវបានពន្យារពេលដោយសារលក្ខខណ្ឌអាកាសធាតុ។

នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែមីនា កប៉ាល់ឈ្មោះ ដាលី (Dali) បានបាត់បង់ថាមពល ហើយបុកបង្គោលទ្រស្ពានមួយ ដែលធ្វើឱ្យផ្នែកដ៏ធំនៃស្ពានត្រូវរលំចូលទៅក្នុងទន្លេ ផាថាបស្កូ (Patapsco) ហើយផ្នែកសំខាន់នៃស្ពានបាក់ធ្លាក់លើផ្នែកខាងមុខរបស់កប៉ាល់ ខណៈកម្មករសំណង់ ៦ នាក់បានស្លាប់។
កងវិស្វករនៃកងទ័ពសហរដ្ឋអាមេរិក និងក្រុមមន្ត្រីរដ្ឋមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីថាតើការបំផ្ទុះគ្រាប់បែកនោះជោគជ័យ ឬយ៉ាងណាទេ។ ចាប់តាំងពីហេតុការណ៍បាក់ស្ពាននោះមក បណ្តាញផ្លូវទឹកបណ្តោះអាសន្នចំនួនបួនត្រូវបានបើក ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនមួយចំនួនអាចបន្តបាន៕