បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលជាគោលដៅរបស់ក្រុមជើងឯក Premier League, Manchester City នោះបានអវត្តមានពីការហ្វឹកហាត់លើកដំបូងជាមួយ Tottenham Hotspur ត្រៀមរដូវកាលថ្មី។

កីឡាករវ័យ ២៨ឆ្នាំរូបនេះក៏ដូចជាកីឡាករដទៃទៀតរបស់ Spurs មានកាលវិភាគត្រូវធ្វើតេស្តរកមេរោគ Covid-19 នៅថ្ងៃចន្ទម្សិលមិញ មុនពេលប្រមូលផ្តុំហ្វឹកហាត់នៅថ្ងៃនេះ។ Harry Kane បានសម្រាករយៈពេល ៣សប្តាហ៍មកហើយ តាំងពីបញ្ចប់បេសកកម្មជាមួយក្រុមជំរើសជាតិអង់គ្លេសនៅ Euro ២០២០។ មិនមានការបញ្ជាក់ណាមួយពី Spurs ឡើយពីអវត្តមានរបស់កីឡាករវ័យ ២៨ឆ្នាំរូបនេះ។ ប្រកួតចុងក្រោយនៅ English Premier League រដូវកាលមុន Harry Kane បានដើរទះដៃមួយជុំទីលានទៅកាន់អ្នកគាំទ្រ ដែលទំនងជាការលាអ្នកគាំទ្រ។ Harry Kane ត្រូវបានគេដឹងថាបានជួបជាមួយប្រធានក្លិប Spurs លោក Daniel Levy ពីការចាកចេញនៅរដូវក្តៅនេះ។
Harry Kane មានកិច្ចសន្យាជាមួយ Spurs រហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីចុះកិច្ចសន្យាចុងក្រោយ ៦ឆ្នាំកាលពីឆ្នាំ២០១៨។ រដូវកាលមុន Kane រកបាន ២៣គ្រាប់នៅ English Premier League ឈ្នះស្បែកជើងមាសជាលើកទី៣។ សរុបគ្រាប់បាល់ជាមួយ Spurs, Harry Kane រកបាន ២២១គ្រាប់ ដែលចំនួននេះគេបានក្លាយជាអ្នកស៊ុតបញ្ចូលទី ច្រើនជាងគេលំដាប់ទី២ នៅ Spurs បន្ទាប់ពី Jimmy Greaves ដែលរកបាន ២៦៦គ្រាប់ចន្លោះឆ្នាំ១៩៦១-១៩៧០៕
អត្ថបទ៖នាង សុភាវុធ