ប្រទេសអ៊ីស្រាអែល បានប្រារព្ធទិវាឯករាជ្យកាលពីថ្ងៃច័ន្ទ ខណៈមានបាតុកម្មដោយក្រុមអ្នកតវ៉ា ទាមទារឱ្យនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោក បង្កើតកិច្ចព្រមព្រៀងដែលនឹងនាំយកចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ត្រឡប់មកវិញ។

ទិវាបុណ្យឯករាជ្យជាតិ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានគេសង្កេតឃើញចាប់តាំងពីថ្ងៃលិចនៅថ្ងៃទី១៣ រហូតដល់ថ្ងៃលិច ថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីទិវារំលឹកដ៏ស្ងប់ស្ងាត់ ដែលប្រជាជនអ៊ីស្រាអែល គោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ក្នុងសង្គ្រាមរបស់ប្រទេស ព្រមទាំងអ្នកទាំងឡាយដែលបានទទួលរងគ្រោះដោយសារការវាយប្រហារភេរវកម្ម។

ខណៈប្រទេសនេះ ប្រារព្ធខួបលើកទី៧៦របស់ខ្លួន ការបាញ់កាំជ្រួចត្រូវបានលុបចោល ហើយពិធីដុតបំភ្លឺភ្លើងតាមប្រពៃណីនៅទីបញ្ចុះសពជាតិទីក្រុងហ្សេរុយសាឡឹម ត្រូវបានថតទុកសម្រាប់ទស្សនិកជនមើលតាមទូរទស្សន៍ ជំនួសឱ្យការផ្សាយបន្តផ្ទាល់។
សង្រ្គាម បានចាប់ផ្តើមនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន មានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានសម្រុកចូលទៅក្នុងសហគមន៍ព្រំដែននៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់ នេះបើយោងតាមតួលេខសរុបរបស់ប្រទេសអ៊ីស្រាអែល។
ចាប់តាំងពីពេលនោះមក ទាហានអ៊ីស្រាអែល ២៧៣ នាក់ទៀត បានស្លាប់ ភាគច្រើននៅក្នុងការវាយលុកលើតំបន់ហ្កាហ្សា ដែលក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា បានសម្លាប់មនុស្សជាង ៣៥.០០០នាក់។
កំហឹងជាសាធារណៈនៅក្នុងប្រទេសអ៊ីស្រាអែល បានផ្តោតលើរដ្ឋាភិបាលរបស់លោក Netanyahu ជាអ្នកអភិរក្សជើងចាស់ ដែលបន្តលើកកម្ពស់ខ្លួនឯងថាជា អ្នកធានាបានសន្តិសុខជាតិ ។