ប្រធានាធិបតីទួរគី បាននិយាយថា សមាជិកក្រុមហាម៉ាសជាង១.០០០នាក់ កំពុងត្រូវបានព្យាបាលនៅ តាមមន្ទីរពេទ្យទួរគី។
លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) ដែលបានរិះគន់អ៊ីស្រាអែល តាំងពីការផ្ទុះសង្រ្គាម បានពណ៌នាក្រុមហាម៉ាសថា ជា «អង្គការតស៊ូ»។

លោកបាននិយាយថា៖«សមាជិកក្រុមហាម៉ាសជាច្រើននាក់ ត្រូវបានសម្លាប់។ លោកខាងលិចទាំងមូលកំពុងវាយប្រហារពួកគេដោយអាវុធ និងគ្រាប់រំសេវគ្រប់ប្រភេទ»។
លោក អឺដូហ្កាន់ បានបញ្ជាក់ថា៖«ការហៅក្រុមហាម៉ាស់...ថា ជាអង្គការភេរវករមួយ នឹងក្លាយជាអំពើ ឃោរឃៅ» ដោយបានបន្ថែមថា វាគឺជាបញ្ហា«សំខាន់ណាស់»។
ក្រុមហាម៉ាស ត្រូវបានចាត់ទុកជាអង្គការភេរវកម្មមួយ ដោយអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងចំណោមប្រទេសដទៃទៀត។ពុំទាន់ច្បាស់ទេថាតើសមាជិកក្រុមហាម៉ាស ១.០០០នាក់ បានមកដល់ប្រទេសទួរគីពីតំបន់ហ្កាហ្សាដែលត្រូវបានបិទដោយអ៊ីស្រាអែល និងអេហ្ស៊ីប ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម ឬយ៉ាងណានោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនសមាជិកក្រុមហាម៉ាសទាំងអស់សុទ្ធតែជាយុទ្ធជនសកម្មប្រយុទ្ធទេ ហើយជនស៊ីវិលមួយចំនួនដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹងថា ត្រូវបានជម្លៀសចេញ ដើម្បីព្យា បាល។
អន្តរាគមន៍របស់លោក អឺដូហ្កាន់ ធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិក បាននិយាយថា មេដឹកនាំក្រុមហាម៉ាស មិនបានលាក់ខ្លួន នៅក្នុងទីក្រុងរ៉ាហ្វានៃតំបន់ហ្កាហ្សាភាគខាងត្បូង ជាកន្លែងដែលអ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយលុកទ្រង់ទ្រាយធំមួយនោះទេ។
ពួកគេ បាននិយាយថា លោក យ៉ាយ៉ា ស៊ីវ៉ា ( Yahya Sinwar) ដែលជាមេដឹកនាំក្រុមភេរវករ និងជាមេក្លោងនៃការវាយប្រហារថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល ទំនងជាកំពុងលាក់ខ្លួន នៅក្នុងផ្លូវរូងក្រោមដីក្រោមទីក្រុងខាន់ យូនីស ( Khan Younis) ភាគខាងជើង។