ការប្រឡងសិស្សពូកែទូទាំងប្រទេស សម្រាប់សិស្សថ្នាក់ទី ៩និងថ្នាក់ទី ១២ បានឈានដល់ថ្ងៃចុងក្រោយ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤នេះ ខណៈការប្រឡងនៅថ្ងៃចុងក្រោយនេះ មានរយៈពេល ២ម៉ោង ដោយបេក្ខជនគ្រប់រូប ត្រូវប្រឡងលើវិញ្ញាសា វប្បធម៌ទូទៅ។
ការប្រឡងសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី ១២ ទូទាំងប្រទេស លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា បានឈានដល់ថ្ងៃចុងក្រោយនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤នេះ។ ការប្រឡងសិស្សពូកែទូទាំងប្រទេសនៅឆ្នាំ ២០២៤នេះ គឺមានបេក្ខជនសរុបចំនួន ២៤០រូប ក្នុងនោះបេក្ខនារីចំនួន ១២៧រូប។
ការប្រឡងនៅថ្ងៃទី ១ ជាការប្រឡងលើមុខវិជ្ជាឯកទេសទាំង ៣ គឺមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ក្នុងរយៈពេល ៣ម៉ោង។ រីឯការប្រឡងនៅថ្ងៃទី ២ ជាថ្ងៃចុងក្រោយ គឺ ប្រឡងលើវិញ្ញាសាវប្បធម៌ទូទៅ ដែលមានរយៈពេលចំនួន ២ម៉ោង។
សម្រាប់បេក្ខជនមុនចូលរួមប្រឡងនៅថ្ងៃចុងក្រោយនេះ ពួកគេបានលើកឡើងពីការយល់ឃើញថាវិញ្ញាសាឯកទេសកាលពីម្សិលម៉ិញ គឺមានកម្រិតស្តង់ដាដែលសមស្របក្នុងការជ្រើសរើសសិស្សពូកែ។ អ្នកខ្លះអាចបញ្ចប់កិច្ចការទាន់ពេលវេលា រីឯអ្នកខ្លះមិនអាចបង្ហើយកិច្ចការបានទាំងអស់នោះទេ។ សម្រាប់ការប្រឡងលើវិញ្ញាសាវប្បធម៌ទូទៅនៅថ្ងៃចុងក្រោយនេះវិញ ពួកគេម្នាក់ៗនឹងបន្តការប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព ស្របពេលដែលពួកគេបានត្រៀមខ្លួនជាច្រើនលើវិញ្ញាសានេះផងដែរ។
សម្រាប់ការប្រឡងសិស្សពូកែនេះ ក៏មានវត្តមានអាណាព្យាបាលធ្វើដំណើរពីបណ្ដាខេត្ត មករាជធានីភ្នំពេញ ដើម្បីលើកចិត្តកូនផងដែរ។ ជាក់ស្ដែងគឺអាណាព្យាបាលរង់ចាំនៅខាងក្រៅ មណ្ឌលប្រឡង នៅពេលដែលកូនចូលទៅប្រឡង។ ពួកគេសប្បាយចិត្តជាខ្លាំងដែលកូនប្រឹងប្រែងរៀនសូត្រ ហើយក៏សូមជូនពរកូនឱ្យជោគជ័យក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសនេះផងដែរ។
សូមជម្រាបថា សម្រាប់ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ នឹងប្រកាសលទ្ធផល និងប្រគល់រង្វាន់ជ័យលាភីជូនសិស្សពូកែ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៤ខាងមុខ៕ អត្ថបទ៖ គឹមហុក




