អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដំណើរការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ បានចំនួនជាង៥០ភាគរយ។

បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ថា យោងតាមប្រតិទិនស្តីពីប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតនៅទូទាំងប្រទេស បានកំពុងដំណើរការលើកិច្ចការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនដល់អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅ។
ឯកឧត្តម បន្តថា ការចេះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយគិតមកត្រឹមពេលនេះ ការចែកប័ណ្ណមានចំនួនជាង៥០ភាគរយ បើធៀបនឹងទៅចំនួនអង្គបោះឆ្នោតសរុបប្រមាណ១ម៉ឺននាក់។
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គឺជាលិខិតជូនដំណឹងដល់អង្គបោះឆ្នោត ដែលប័ណ្ណនេះបានចែងអំពីទិន្នន័យរបស់អ្នកបោះឆ្នោតនីមួយ។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមឯកសារដែលបម្រើដល់ការបោះឆ្នោតនោះ រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់ពីមុខតំណែកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន។
សូមជម្រាបថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕អត្ថបទ សេក ឧត្តម