ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា ថា ជំនួយយោធារបស់សហរដ្ឋអាមេរិក បានមកពីសេចក្តីស្នើច្បាប់ជំនួយរាប់ពាន់លានដុល្លារ ដែលអនុម័តដោយសភា កាលពីខែមុន កំពុងស្ថិតនៅក្នុងសមរភូមិប្រទេសអ៊ុយក្រែនរួចហើយ។

ជាផ្នែកមួយនៃសេចក្តីស្នើច្បាប់ជំនួយចំនួន៩៥ពាន់លានដុល្លារ សភា បានអនុញ្ញាតឱ្យមានទឹកប្រាក់ចំនួន ៦០,៨ពាន់លានដុល្លារនៃជំនួយក្នុងរូបភាពផ្សេងៗនៅអ៊ុយក្រែន ហើយសេតវិមាន បានសន្យាថានឹងដឹកជញ្ជូនសព្វាវុធចូលទៅក្នុងប្រទេសអ៊ុយក្រែនឲ្យបានឆាប់រហ័ស។

ទាហាន ដែលកំពុងធ្វើប្រតិបត្តិការរថក្រោះផលិតនៅបរទេស ដែលផ្តល់ឲ្យដោយដៃគូប្រទេសលោកខាងលិច កំពុងព្រមានថាគ្រឿងបន្លាស់ជិតអស់ហើយ។ នៅក្នុងទីតាំងដែលពុំត្រូវបានបង្ហាញ នៅក្នុងតំបន់ Donetsk ទាហានដែលកំពុងធ្វើប្រតិបត្តិការរថក្រោះ លីអូផាត2A6(Leopard2A6) របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការបំផ្លាញកំពុងកើនឡើងបន្ទាប់ពីការវាយលុករបស់រុស្ស៊ីព្យាយាមរុលចូលទៅមុខ។ ការជួសជុលរថក្រោះ ត្រូវការការផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើនបន្ថែមទៀត។
កងទ័ពអ៊ុយក្រែនឆ្លងកាត់សមរភូមិមុខដ៏ធំទូលាយ កំពុងរង់ចាំយ៉ាងអន្ទះសារនូវការដឹកជញ្ជូនកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន៦១ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ។ ទីក្រុងគីវ និយាយថា ការពន្យារពេលជាច្រើនខែ ដោយសភាអាមេរិក មុនពេលការបោះឆ្នោតតាមរយៈកញ្ចប់ជំនួយ បានធ្វើឱ្យពួកគេបាត់បង់ជាច្រើនៅក្នុងសមរភូមិ។
នៅពេលនេះ កងទ័ពសង្ឃឹមថា បរិមាណដ៏ច្រើននៃជំនួយដែលត្រូវបានអនុម័ត នឹងទៅដល់យ៉ាងឆាប់រហ័សដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងការពារប្រទេស។