ប្រមុខការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទទី១៣ឧសភា នៅឯកិច្ចប្រជុំកម្រមួយក្នុងទីក្រុងប៉េកាំង ដែលបានធ្វើឡើងស្របពេលមានភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ និងបញ្ហាតំបន់ផ្សេងៗជាច្រើនទៀតថា ប្រទេសចិន និងកូរ៉េខាងត្បូង គួរតែស្វែងរកទំនាក់ទំនងប្រកបដោយស្ថិរភាព ទោះបីជាមានការប្រឈមដាក់គ្នាដ៏លំបាកនៅពេលថ្មីៗនេះក៏ដោយ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ តេយ៉ុល (Cho Tae-yul) បាននិយាយថា ប្រទេសនានា ចាំបាច់ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងទំនាក់ទំនងដោយប្រុងប្រយ័ត្ន នៅក្នុងជំនួបមានរយៈពេល៤ម៉ោង។
លោក ចូ បានទៅដល់ក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ជាដំណើរលើកដំបូងទៅកាន់ប្រទេសចិន ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែមករា ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងផងដែរ ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជាង៦ឆ្នាំមកនេះ ។

ទំនាក់ទំនងរវាងក្រុងប៉េកាំង និងសេអ៊ូល ស្ថិតក្រោមសម្ពាធថ្មី នៅពេលលោកប្រធានាធិបតី កូរ៉េខាងត្បូង យ៉ុន សុក យ៉ុល (Yoon Suk Yeol) បាននិយាយកាលពីឆ្នាំមុន ថា កោះស្វ័យគ្រប់ក្រងតាមបែបលទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាដែនដីរបស់ខ្លួន គឺជាបញ្ហាសកល មិនមែនត្រឹមតែរវាងចិន និងកោះតៃវ៉ាន់ ប៉ុណ្ណោះទេ។

យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ លោក Wang បានប្រាប់លោក ចូ ថា ទំនាក់ទំនងចិន ជាមួយកូរ៉េខាងត្បូង បានប្រឈមការលំបាក និងការប្រកួតប្រជែងជាច្រើន ដែលមិនមែនជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំង២ឡើយ ហើយប្រទេសចិនក៏មិនចង់ឃើញដែរ ៕