មន្ត្រីជាន់ខ្ពស់សេតវិមាន និយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងជួបគ្នាដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីវិធីជាជម្រើស ដើម្បីកម្ទេចក្រុមអ៊ីស្លាមនិយមហាម៉ាស នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្កាហ្សា ខណៈព្យាយាមបញ្ចៀសការស្លាប់ និងរងរបួសជនស៊ីវិល។

និយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា វានឹងជាកំហុសមួយ ក្នុងការចាប់ផ្តើមប្រតិបត្តិការសឹកទ្រង់ទ្រាយធំ ចូលទៅក្នុងតំបន់ហ្កាហ្សា។
លោកជឿជាក់ថា អ៊ីស្រាអែល អាច នឹងត្រូវតែធ្វើអ្វីបន្ថែមទៀតដើម្បីធានាបានការការពារ ជនស៊ីវិលដែលគ្មានកំហុស។ លោក Sullivan និយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងមានឱកាសជួបពិភាក្សាគ្នា បន្ថែមអំពីវិធីល្អបំផុតដើម្បីធានាបានការកម្ទេចក្រុមហាម៉ាស នៅគ្រប់ទីកន្លែងនៅក្នុងតំបន់ហ្កាហ្សា រួមទាំងនៅទីក្រុងរ៉ាហ្វា ក្នុងបរិបទនៃការសន្ទនាគ្នា។

លោកនិយាយថាជំនួប នឹងធ្វើឡើងដោយផ្ទាល់ ហើយនឹងកើតឡើងក្នុងប៉ុន្មានថ្ងៃខាងមុខនេះ មិនមែនសប្តាហ៍នោះទេ។
ប្រទេសអាហ្រ្វិកខាងត្បូង បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ហើយបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិក មិនជឿថាអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្កហ្សា គឺជាអំពើប្រល័យពូជសាសន៍នោះទេ។