ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជរាធានីភ្នំពេញ។

នៅក្នុងជំនួបនេះ សម្ដេចតេជោសង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺកាណាដាកំពុងតែខិតខំដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្នុងឱកាសនោះលោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានបង្ហាញសេចក្តីរីករាយ ដែលកាណាដាបានក្លាយជាដៃគូក្នុងអាស៊ាន ហើយកំពុងតែខិតខំគាំទ្រលើគ្រប់វិស័យ ហើយលោកជំទាវនឹងប្ដេជ្ញាខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ រវាងកាណាដា និងកម្ពុជាបន្ថែមទៀត ក៏ដូចជាជំរុញការវិនិយោគប្រកបដោយគុណភាព របស់ក្រុមហ៊ុនកាណាដា ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដែលកន្លងមកនេះ មានដូចជា ធនាគារ ABA ក្រុមហ៊ុនធានារ៉ាប់រង Manulife និងក្រុមហ៊ុនផ្សេងៗទៀត។ លោកជំទាវជម្រាបសម្ដេចតេជោថា នឹងខិតខំដើម្បីឲ្យមានការវិវត្តរីកចម្រើនទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ(Solar) ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកថា កម្ពុជា និងកាណាដា មានទំនាក់ទំនងជាយូរលង់ណាស់មកហើយ ពោលគឺជាង៧០ ឆ្នាំទៅហើយ គឺមានទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៥២ មុនកម្ពុជាបានទទួលបានឯករាជ្យភាពទៅទៀត។ ហើយសម្ដេចបានមានប្រសាសន៍ថា កន្លងទៅនេះកម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះមិត្តភក្តិទាំងឡាយណាដែលបានទទួលស្គាល់កម្ពុជាមុនកម្ពុជាបានឯករាជ្យ ដែលនេះគឺជាកត្តាជួយជំរុញដំណើរការឯករាជ្យភាពរបស់កម្ពុជា។ សម្ដេចតេជោបន្តទៀតថា ដែលពេលនោះប្រទេសកាណាដា ប្រទេសប៉ូឡូញ និងឥណ្ឌា គឺជាសមាជិកនៃ គណៈកម្មការត្រួតពិនិត្យនៃការផ្ដល់ឯករាជ្យភាពដល់កម្ពុជា។
សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានឃើញទំហំពាណិជ្ជកកម្ម ប្រទេសទាំងពីរមានការវិវត្តន៍ មានស្ថិរភាព បើទោះបីជាមានបញ្ហាប្រឈមកន្លងទៅដូចជាបញ្ហាកូវីដ១៩ បញ្ហាភូមិសាស្ត្រនយោបាយ ក៏ទំហំពាណិជ្ជកម្មមិនមានការប្រែប្រួលខ្លាំងនោះទេ។ ជាមួយគ្នាដូចផងដែរសម្ដេចតេជោក៏បានកោតសរសើរចំពោះធនាគារ ABA ដែលបានចូលរួមចំណែកជួយជំរុញវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទូទាត់ទំនិញផ្សេងៗ ឬក៏ការចាយវាយប្រាក់ផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិចនេះ។
សម្ដេចតេជោ បានមានប្រសាសន៍រំលឹកទៀតថា កាលពីឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី កាណាដា នៅភ្នំពេញ ហើយបានជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការ នានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែលប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ ហើយសម្ដេចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីតកាលកម្ពុជាបានឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនៅគ្រាប់មីន និងនិងគ្រាប់មិនទាន់ផ្ទុះជាច្រើនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ ជាពិសេសឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយសម្តេចតេជោក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការនៃកិច្ចប្រជុំនេះផងដែរ៕





