ក្រុមហ៊ុន ដែលផលិតបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត AI ដ៏ល្បី ឆាត-ជីភីធី (ChatGPT) ឈ្មោះក្រុមហ៊ុន អូភេន-អេអាយ (OpenAI) បាននិយាយកាលពីថ្ងៃចន្ទ (១៣ ឧសភា) ថាខ្លួននឹងបញ្ចេញនូវគំរូ AI ថ្មីមួយដែលមានឈ្មោះថា ជីភីធី-ហ្វរអូ (GPT-4o) ដែលមានសមត្ថភាពសន្ទនាជាសំឡេងជាក់ស្តែង និងអាចធ្វើអន្តរកម្មសន្ទនាតាមអត្ថបទ និងរូបភាព ដែលជាជំហានចុងក្រោយបំផុតរបស់ខ្លួនដើម្បីបន្តឈានទៅមុខក្នុងការប្រកួតប្រជែងដ៏ក្ដៅគគុកដើម្បីគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

ក្រុមអ្នកស្រាវជ្រាវរបស់ OpenAI បានបង្ហាញនៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់មួយថា សមត្ថភាពសន្ទនាជាសំឡេងថ្មីនេះ អាចឱ្យអ្នកប្រើប្រាស់និយាយទៅកាន់ ChatGPT និងទទួលបានការឆ្លើយតបតាមពេលវេលាជាក់ស្តែងដោយគ្មានការពន្យាពេល និងការរំខានក្នុងពេលកំពុងដំណើរការ ដែលទាំងនោះជាបញ្ហាប្រឈមសំខាន់នៃការសន្ទនាជាក់ស្តែងភាគច្រើនដែលជំនួយការសំឡេង AI បានជួបប្រទះ។

OpenAI ដែលគាំទ្រដោយក្រុមហ៊ុន ម៉ៃក្រូសូហ្វ (Microsoft) ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង និងសម្ពាធដើម្បីពង្រីកមូលដ្ឋានអ្នកប្រើប្រាស់ ChatGPT ដែលជាផលិតផលដ៏ពេញនិយមរបស់ខ្លួន និងដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតមាតិកាសរសេរដូចមនុស្ស និងជាកម្មវិធីកូដលំដាប់កំពូលមួយ។

លោកស្រី មីរ៉ា មូរ៉ាទី (Mira Murati) ប្រធានផ្នែកបច្ចេកវិទ្យារបស់ OpenAI បាននិយាយនៅក្នុងព្រឹត្តិការណ៍នោះថា ម៉ូដែលថ្មីនេះនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ព្រោះវាមានតម្លៃសន្សំសំចៃជាងម៉ូដែលមុនៗរបស់ក្រុមហ៊ុន។ លោកស្រីបន្ថែមថា អ្នកប្រើប្រាស់ដែលបង់ប្រាក់លើអេអាយ ជីភីធី-ហ្វរអូ (GPT-4o) នេះនឹងមានដែនកំណត់សមត្ថភាពធំជាងអ្នកប្រើប្រាស់ឥតគិតថ្លៃរបស់ក្រុមហ៊ុន ហើយម៉ូដែល GPT-4o នេះនឹងមាននៅក្នុង ChatGPT ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕