សៀមរាប ៖ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននិងកំពុងកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តីដែលមានប្រវែងសរុបចំនួន៦៣៦៨ម៉ែត្រ ដោយចែកជា៣ កំណាត់ ដើម្បីធ្វើអោយផ្លូវមានសោភណ្ឌស្អាតនិងងាយស្រួលធ្វើចរាចរណ៍ និងទាក់ទាញអ្នកទេសចរណ៍។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមនៅល្ងាចថ្ងៃទី០៣ខែសីហាឆ្នាំ២០២១នេះថា កំណាត់ផ្លូវដែលបានជួសជុសទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២១២២ ម៉ែត្រ។កំណាត់ផ្លូវបានជួសជុលទីទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ ម៉ែត្រ។ ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ ម៉ែត្រ ដែលសរុបមានប្រវែងចំនួន៦៣៦៨ម៉ែត្រ។ លោកបានបន្ដថា ផ្លូវនេះជាផ្លូវកៅស៊ូ អ៊ុតបេតុងអេស៊ី ដែលការងារនេះរួមមានការពង្រីកស្មាផ្លូវសងខាង និងមានទំហំ៦ ម៉ែត្រ ហើយជាផ្លូវដែលសំខាន់ខ្លាំងនៅក្នុងរមនីយដ្ឋា ដែលស្ដារឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
បើតាម លោកយិត ចាន់ដារដ្ឋ លើកឡើងថា ការស្ដារនិងកែលំអរកំណាត់ផ្លូវទាំងបីនេះ ដោយគម្រោងប្រើប្រាស់ថវិការាជរដ្ឋាភិបាលតាមរយៈមូលនិធិ អភិរក្សនិងអភិវឌ្ឍន៍ ដែលលោកបញ្ជាក់ថា ផ្លូវសំខាន់ៗនៅក្នុងរមណីយអង្គរ និងបានល្អប្រសើរទាំងស្រុង នៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់ជំងឺកូវីដ១៩ ជាពិសេសសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋប្រសើរ៕






