ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយថា បញ្ជាជម្លៀសដោយកងទ័ពអ៊ីស្រាអែល បានបង្ខំមនុស្សប្រហែល ៣០០.០០០ នាក់ឱ្យភៀសខ្លួនចេញពីទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីសប្តាហ៍មុន។

ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA នេះ បានបង្ហោះនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា «ពុំមានកន្លែងណាមានសុវត្ថិភាព ដែលអាចឱ្យប្រជាជនហ្កាហ្សា ជ្រកកោននោះទេ»។
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ (១១ ឧសភា) សប្ដាហ៍មុន បានបញ្ជាឱ្យជម្លៀសប្រជាជនប៉ាឡេស្ទីនបន្ថែមទៀតនៅភាគខាងកើតក្រុងរ៉ាហ្វា។ ក្រោមការគំរាមកំហែងពីយោធា ប្រជាជនក្នុងតំបន់បានចាកចេញពីភាគខាងកើតនៃទីក្រុងដោយរថយន្ត និងម៉ូតូដែលផ្ទុកដោយវ៉ាលីរបស់ពួកគេ។ មិនមែនជាលើកដំបូងនោះទេ ដែលប្រជាជនរងផលប៉ះពាល់ទាំងនេះបានឆ្លងកាត់ការផ្លាស់ទីលំនៅ ដោយអ្នកខ្លះបានភៀសខ្លួនម្ដងហើយម្ដងទៀតចេញពីតំបន់តាំងទីលំនៅ ជាមធ្យមយ៉ាងហោចណាស់ម្តងក្នុងមួយខែ។

នៅក្នុងការបង្ហោះដាច់ដោយឡែកមួយនៅលើបណ្ដាញសង្គម X នៅថ្ងៃដដែលនោះ លោក ហ្វីលីប ឡាហ្ស៊ារីនី (Philippe Lazzarini) អគ្គស្នងការទីភ្នាក់ងារ UNRWA បាននិយាយថា «តំបន់សុវត្ថិភាព» ដែលអះអាងដោយកងទ័ពអ៊ីស្រាអែលនោះគឺ «មិនពិត និងបំភាន់» ដោយបន្ថែមថា «ពុំមានកន្លែងណាមានសុវត្ថិភាពឡើយនៅក្នុងតំបន់ហ្កាហ្សា»៕