យោងតាមពង្រាងឯកសារមួយបានឱ្យដឹងថា សហភាពអឺរ៉ុប បានសន្យាផ្តល់ការគាំទ្រផ្នែកសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន ដោយធានាទីក្រុងគីវ នូវអាវុធបន្ថែម ការបណ្តុះបណ្តាលយោធា និងជំនួយផ្សេងទៀតសម្រាប់ប៉ុន្មានឆ្នាំខាងមុខ។

សេចក្តីព្រាង ដែលបានរាយការណ៍ដំបូងដោយសារព័ត៌មាន វេលត៍ អែមសុនថេក (Welt am Sonntag) របស់អាល្លឺម៉ង់ កាលពីចុងសប្តាហ៍នោះ កំណត់ការប្តេជ្ញាចិត្តសន្តិសុខរបស់សហភាពអឺរ៉ុប ចំពោះអ៊ុយក្រែន ដែលក្រុមមន្ត្រីសង្ឃឹមថានឹងបញ្ចប់នៅក្នុងខែមិថុនា ឬខែកក្កដា។

នៅក្នុងព្រឹត្តិការណ៍នៃ «ការឈ្លានពាននាពេលអនាគត»" ឯកសារនោះនិយាយថា សហភាពអឺរ៉ុប និងអ៊ុយក្រែន មានបំណងពិគ្រោះយោបល់ក្នុងរយៈពេល ២៤ ម៉ោងលើតម្រូវការរបស់ទីក្រុងគីវ ហើយ «កំណត់យ៉ាងរហ័ស» នូវជំហានបន្ទាប់ស្របតាមការប្តេជ្ញាចិត្ត។
ឯកសារនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដោយដៃគូរបស់អ៊ុយក្រែន ក្នុងការផ្តល់នូវការធានាថាពួកគេនឹងឈរក្បែរទីក្រុងគីវ សម្រាប់រយៈពេលដ៏យូរដោយគ្មានទីបញ្ចប់ នៅក្នុងសង្គ្រាមប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ហើយគ្មានការរំពឹងទុកភ្លាមៗនៃសមាជិកភាពរបស់សហភាពអឺរ៉ុប ឬ NATO សម្រាប់អ៊ុយក្រែនទេ។

អ្នកនាំពាក្យកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក ភីតធើ ស្តាណូ (Peter Stano) បាននិយាយថា គម្រោងនេះនឹង «ជួយអ៊ុយក្រែនការពារខ្លួនក្នុងរយៈពេលវែង រារាំងសកម្មភាពឈ្លានពាន និងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានអស្ថិរភាព»៕