ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទថា លំហូរជនអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះចំនួន៥០ភាគរយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយជាថ្មីម្តងទៀត បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ជួយផ្តល់មូលនិធិដល់កម្មវិធីអភិវឌ្ឍន៍ ដែលត្រូវបានរៀបចំដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បាននិយាយថា តួលេខថ្មីៗ បង្ហាញពីការធ្លាក់ចុះនៃលំហូរជនអន្តោប្រវេសន៍ បន្ទាប់ពី វិបត្តិការធ្វើអន្តោប្រវេសន៍ កាលពីខែធ្នូ ដែលបានមើលឃើញជនអន្តោប្រវេសនន៍រាប់ម៉ឺននាក់ ឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីបានទៅដល់ព្រំដែនសហរដ្ឋអាមេរិក។ លោក បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅវិមានជាតិក្នុងទីក្រុង Mexico City ថា យើងមានវិបត្តិនៅព្រំដែនភាគខាងជើងកាលពីខែធ្នូ ដែលមានជនអន្តោប្រវេសន៍ ១២.០០០នាក់ ក្នុងមួយថ្ងៃ ហើយយើងមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងបានកាត់បន្ថយជាមធ្យម រហូតធ្លាក់ចុះមកនៅត្រឹម តែ៦.០០០នាក់។

លោកប្រធានាធិបតី បាននិយាយថា រដ្ឋបាលរបស់លោក បន្ត ដាក់សម្ពាធ សម្រាប់ជំនួយអភិវឌ្ឍន៍ដែលត្រូវការពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍ដ៏ច្រើននៅក្នុងឫសគល់ ដោយការវិនិយោគនៅក្នុងបណ្តាប្រទេសនៅអាមេរិកកណ្តាល ដើម្បីបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។ លោកនិយាយថា «នោះជាអ្វីដែលយើងកំពុងធ្វើ នោះគឺជាសំណើដើមរបស់យើង ដែលបានដោះស្រាយពីមូលហេតុ»។

ប្រធានាធិបតីម៉ិកស៊ិក បានជំរុញដដែលៗឲ្យសមភាគីសហរដ្ឋអាមេរិករបស់លោក គឺលោក Joe Biden ឱ្យលៃលកធនធានដើម្បីកាត់បន្ថយការធ្វើអន្តោប្រវេសន៍ តាមរយៈការអភិវឌ្ឍន៍។