រដ្ឋមន្ត្រីការពារជាតិលោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយកាលពីថ្ងៃចន្ទថា លទ្ធផលនៃសង្គ្រាមនៅតំបន់ហ្កា ហ្សាដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអង្គការជ្រុលនិយមប៉ាឡេស្ទីនហាម៉ាស( Hamas) នឹងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនអ៊ីស្រាអែល ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។

លោក ហ្គាឡែនធ៍ បានថ្លែងក្នុងអំឡុងពេលសុន្ទរកថា ដើម្បីប្រារព្ធទិវារំលឹកជាផ្លូវការរបស់ប្រទេសនេះ ដើម្បីរំលឹកដល់ទាហាន ដែលបានបាត់បង់ជីវិតនៅសមរភូមិថា៖«នេះគឺជាសង្រ្គាមមួយ ដែលគ្មានជម្រើសផ្សេង»។
លោករដ្ឋមន្ត្រី បាននិយាយថា៖«នេះគឺជាសង្រ្គាមដែលនឹងបន្តរហូតដល់យើងប្រគល់ចំណាប់ថ្នូររបស់យើង វាយកម្ទេចការគ្រប់គ្រងរបស់ក្រុមហាម៉ាស និងសមត្ថភាពយោធារបស់ខ្លួន ហើយធ្វើឲ្យរដ្ឋអ៊ីស្រា អែលមានភាពរុងរឿង និងភាពច្នៃប្រឌិតឡើងវិញ ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទឹកមុខញញឹមឡើងវិញ»។

អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួន ដើម្បីលុបបំបាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូង នៅពេលដែលក្រុមសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាស បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់មនុស្ស ២៥០នាក់ទៀតធ្វើជាចំណាប់ថ្នូរ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។
អ៊ីស្រាអែល បានឆ្លើយតបនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ និងបានបើកការវាយលុកចូលទៅក្នុងតំបន់ឆ្នេរដែលបិទជិត នៅចុងខែតុលា។