សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ការការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីត្រឹមតែ ៣០ភាគរយ កាលពីខែមុន បើធៀបនឹង ៤៦ភាគរយ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ដែលបង្ហាញពីនិន្នាការគួរឲ្យព្រួយបារម្ភសម្រាប់អ៊ុយក្រែន។

សារព័ត៌មាន Journal បានបន្តទៀតថា អត្រាជោគជ័យរបស់អ៊ុយក្រែន គឺខ្ពស់រហូតដល់ ៧៣ភាគរយ ក្នុងរយៈពេល ៦ខែមុននោះ។
សារព័ត៌មាននេះ បាននិយាយថា ខ្លួនបានទាញយកការវិភាគពីទិន្នន័យប្រចាំថ្ងៃ ដែលចែករំលែកដោយបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន។

អ៊ុយក្រែន បានព្យាយាមស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ខណៈដែលខ្លួនមានប្រព័ន្ធការពារអាកាស និងគ្រាប់រំសេវនៅកម្រិតទាបប្រកបដោយគ្រោះថ្នាក់នោះ។

យោងតាមទិន្នន័យដែលដកស្រង់ដោយសារព័ត៌មាន Journal អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលបាលិ ស្ទិករបស់រុស្ស៊ីត្រឹមតែ ១០ភាគរយ ហើយបានបរាជ័យ ក្នុងការស្ទាក់ចាប់មីស៊ីល S-300 និង S-400 ដែលរុស្ស៊ី បានបាញ់ចូលអ៊ុយក្រែន ក្នុងឆ្នាំនេះ។
សារព័ត៌មាននេះ បានរាយការណ៍ដោយដកស្រង់ទិន្នន័យនោះថា ទន្ទឹមនឹងនោះ រុស្ស៊ីបានបង្កើនការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ខ្លួនប្រហែល ៤៥ភាគរយ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។