អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យប្រទេសគុយវ៉ែត ចូលរួមឡើងវិញ ក្នុងការពិភាក្សាបច្ចេកទេស ដើម្បីដោះស្រាយជម្លោះកម្មសិទ្ធិជុំវិញតំបន់ឧស្ម័ន Arash នៅឈូងសមុទ្រ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ លោក Kanaani បានបញ្ជាក់លើភាពចាំបាច់សម្រាប់ការចរចាផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ជុំវិញការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីកំណត់ការបែងចែករៀងៗខ្លួននៃតំបន់ឧស្ម័ន Arash ដែលប្រទេសគុយវ៉ែត និងប្រទេសអារ៉ាប៊ីសាអូឌីត ហៅថាតំបន់ Durra។

អ្នកនាំពាក្យលោក Nasser Kanaani បានអះអាងថា ព្រំដែនសមុទ្ររវាងប្រទេសអ៊ីរ៉ង់ និង្រទេសគុយវ៉ែត នៅតែពុំទាន់បានកំណត់ច្បាស់លាស់នៅឡើយ ដែលធ្វើឱ្យប្រញាប់ពិភាក្សាអំពីការបែងចែកធនធាននៅវាលឧស្ម័ននេះ។
លោក Kanaani បានរំលឹកឡើងវិញពីជំហររបស់ប្រទេសអ៊ីរ៉ង់ ក្នុងការដោះស្រាយបញ្ហាតាមរយៈការចរចាជាផ្លូវការ ហើយបានសម្តែងការបដិសេធរបស់ប្រទេសអ៊ីរ៉ង់ ចំពោះវិធានការតែម្ខាងៗ ដោយមិនគិតពីផលប្រយោជន៍របស់ខ្លួន។
វាលឧស្ម័ន Durra ដែលមានទីតាំងស្ថិតនៅឈូងសមុទ្រ នៅតែបន្តជាចំណុចរួមនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ក្នុងចំណោមប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសគុយវ៉ែត។
ប្រទេសអារ៉ាប៊ីសាអូឌីត និងគុយវ៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍មួយ កាលពីខែមីនា ឆ្នាំ២០២២ ដោយអះអាងសិទ្ធវាលឧស្ម័ន Durra នេះទាំងស្រុង ខណៈប្រទេសអ៊ីរ៉ង់ បានថ្កោលទោសកិច្ចព្រមព្រៀងនេះថា «ខុសច្បាប់» និងផ្ទុយពីការចរចាកាលពីពេលមុន។