
យាន Ghost Shark និង Manta Ray គឺជាអ្នកការពារអាណាចក្រក្រោមបាតសមុទ្រ។ ស្តាប់ទៅហាក់បីដូចជាគ្រោងនៃខ្សែភាពយន្តបែបអច្ឆរិយនាពេលអនាគត ប៉ុន្តែតាមពិត វាជាអ្វីដែលអាចជាអនាគតនៃកងនាវាចរប៉ាស៊ីហ្វិក។
Ghost Shark និង Manta Ray គឺជាឈ្មោះនៃយានក្រោមទឹកគ្មានមនុស្សបញ្ជាគំរូដើម ឬហៅកាត់ថា UUV ឬយានដ្រូនក្រោមទឹក ដែលត្រូវបានណែនាំរៀងៗខ្លួន នាពេលថ្មីៗនេះ ដោយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។
អ្នកជំនាញបាននិយាយថា នាវាមុជទឹកអាចតំណាងឲ្យសង្គ្រាមនៅក្រោមសមុទ្រ នាពេលអនាគត ដែលបង្ហាញពីសមត្ថភាពបញ្ចេញថាមពល ខណៈដែលកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ គួរបញ្ជាក់ថា ការប្រើប្រាស់យានដ្រូន ក្នុងសង្គ្រាមផ្លូវអាកាស បានក្លាយជារឿងធម្មតាទៅហើយ។ សហរដ្ឋអាមេរិកបានប្រើប្រាស់វាយ៉ាងទូលំទូលាយ អំឡុងពេលមានជម្លោះ នៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដែលចាប់ផ្តើម នៅទសវត្សរ៍ឆ្នាំ១៩៩០ ហើយយានដ្រូនថ្មីតម្លៃថោក បានក្លាយជាផ្នែកសំខាន់នៃគ្រឿងយុទ្ធោបរណ៍ សម្រាប់ភាគីទាំង២ ក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
យានដ្រូននៅលើអាកាស និងលើផ្ទៃសមុទ្រ អាចគ្រប់គ្រងបានដោយប្រើផ្កាយរណប និងពន្លឺ និងរលកវិទ្យុ។ ប៉ុន្តែវាមិនដំណើរការដូចគ្នានៅក្នុងទឹកជម្រៅជ្រៅនោះទេ។ ការសិក្សាឆ្នាំ២០២៣ ដែលត្រូវបានចេញផ្សាយនៅក្នុងទំព័រសារព័ត៌មាន Sensors របស់ប្រទេសស្វីស បានចង្អុលបង្ហាញថា ទំនាក់ទំនងក្រោមទឹកត្រូវការថាមពលបន្ថែមទៀត ប៉ុន្តែនៅតែមើលឃើញនូវការបាត់បង់ទិន្នន័យសំខាន់ៗ ចំពោះអថេរ ក្នុងនោះរួមមានសីតុណ្ហភាព ជាតិប្រៃ និងជម្រៅរបស់ទឹក។
ប៉ុន្តែនៅពេលដែលប្រទេសអូស្ត្រាលីដាក់បង្ហាញយាន Ghost Shark របស់ក្រុមហ៊ុន Anduril Australia កាលពីខែមុន ប្រទេសនេះបានហៅគំរូដើមថា ជា «យានស្វ័យប្រវត្តិបាតសមុទ្រទំនើបបំផុតក្នុងពិភពលោក»។
ទន្ទឹមនឹងនេះដែរ នៅទូទាំងប៉ាស៊ីហ្វិក យាន Ghost Shark មិនមែនជា UUV តែមួយគត់ ដែលត្រូវបានបង្កើតឡើងនោះទេ។ ការដាក់បង្ហាញ UUV ចុងក្រោយបង្អស់របស់អាមេរិក គឺយាន Manta Ray របស់ក្រុម Northrop Grumman ជាគំរូមួយដែលត្រូវបានសាកល្បង នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ក្នុងខែកុម្ភៈ និងខែមីនា។ ទីភ្នាក់ងារស្រាវជ្រាវផលិតផលកម្រិតខ្ពស់ការពារជាតិ (DARPA) ដែលជាសាខារបស់មន្ទីរបញ្ចកោណទទួលបន្ទុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី និយាយថា កម្លាំងរបស់ Manta Ray គឺស្ថិតនៅក្នុងម៉ូឌុលរបស់វា ពោលគឺជាសមត្ថភាពក្នុងការផ្លាស់ប្តូរបន្ទុកអាស្រ័យលើបេសកកម្ម៕