
តារាល្បីៗដែលនៅតែរក្សាភាពស្ងៀមស្ងាត់មិននិយាយស្ដី ចំពោះវិបត្តិនៅតំបន់ហ្កាហ្សា កំពុងទទួលរងនូវអារម្មណ៍ក្រេវក្រោធពីសំណាក់បណ្ដាអ្នកគាំទ្រ ដែលប្រើ «ការកាត់ទោសតាមប្រព័ន្ធឌីជីថល» ដើម្បីរារាំងពួកគេ នៅលើវេទិកាបណ្ដាញសង្គម និងផ្សាយផ្ទាល់នានា។
តារាចម្រៀង នាង Taylor Swift អ្នកចម្រៀងរ៉េប លោក Drake និងតារាល្បីៗជាច្រើនទៀត បានក្លាយជាគោលដៅនៃចលនា «Block Out 2024» ដែលបានចាប់ផ្តើមនៅលើបណ្ដាញសង្គម TikTok ដើម្បីឆ្លើយតបទៅនឹងការមិនភ្ជាប់ទំនាក់ទំនង រវាងកម្មវិធីដ៏ល្បីល្បាញ Met Gala និងការពិតដ៏គួរឲ្យរន្ធត់នៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស។
អស់រយៈពេលជាច្រើនខែមកហើយ សកម្មជនគាំទ្រប៉ាឡេស្ទីន បានបញ្ចេញមតិយោបល់យ៉ាងផុលផុសនៅលើផ្នែកនៃគេហទំព័រនានារបស់បណ្ដាញសង្គម ដោយជំរុញឲ្យតារាល្បីៗទាំងឡាយចូលរួមអំពាវនាវឲ្យមានបទឈប់បាញ់ នៅក្នុងសង្រ្គាមដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតច្រើនបំផុត នៅតំបន់ហ្កាហ្សា។
ប៉ុន្តែបញ្ហាបានក្លាយជាចំណុចក្ដៅបន្ទាប់ពីព្រឹត្តិការណ៍ Met Gala កាលពីសប្តាហ៍មុន ដែលជាកម្មវិធីរៃអង្គាសប្រាក់ដ៏គួរឲ្យទាក់ទាញ និងជារាត្រីបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំបំផុត ដែលមានតារាល្បីៗនៅក្នុងបញ្ជីកម្រិត A មកពីវិស័យភាពយន្ត ឆាកសម្ដែងនានា និងកីឡារបស់ពិភពលោក៕