
មេដឹកនាំហុងកុងបានថ្កោលទោសចំពោះចំណាត់ការរបស់ចក្រភពអង់គ្លេស ដែលបានចោទប្រកាន់បុរស ៣នាក់ពីបទជួយសេវាស៊ើបការណ៍សម្ងាត់ពីទីក្រុងនេះ ដោយបានបង្ហាញឲ្យឃើញពីភាពតានតឹង រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ីមួយនេះ និងរដ្ឋាភិបាលអង់គ្លេស។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃអង្គារ (ទី១៤ ខែឧសភា) នេះ នាយកប្រតិបត្តិទីក្រុង លោក John Lee បាននិយាយថា៖ «ការប៉ុនប៉ងណាមួយ ដើម្បីធ្វើការចោទប្រកាន់ដោយគ្មានអ្វីសម្អាង ប្រឆាំងនឹងរដ្ឋបាលក្រុងហុងកុង គឺមិនអាចទទួលយកបាននោះឡើយ»។
លោក Lee បានអំពាវនាវឲ្យមានការដោះស្រាយដោយយុត្តិធម៌ ចំពោះជនសង្ស័យម្នាក់ ដែលធ្វើការឲ្យការិយាល័យពាណិជ្ជកម្មរបស់ហុងកុង នៅទីក្រុងឡុងដ្រ៍ ហើយបាននិយាយថា រដ្ឋបាលរបស់លោកបានស្នើសុំព័ត៌មានលម្អិតអំពីករណីនេះពីស្ថានអគ្គកុងស៊ុលអង់គ្លេស។
គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៣ ដែលត្រូវបានចោទប្រកាន់ កាលពីថ្ងៃចន្ទ (ទី១៣ ឧសភា) ពីបទជ្រៀតជ្រែកពីបរទេស និងជួយសេវាចារកម្មបរទេស គឺមានមា្នក់ឈ្មោះ Chung Biu Yuen វ័យ ៦៣ឆ្នាំ ដែលធ្វើការជាអ្នកគ្រប់គ្រងការិយាល័យ នៅការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ក្នុងទីក្រុងឡុងដ្រ៍។
ចំណែក ២នាក់ផ្សេងទៀត គឺឈ្មោះ Chi Leung Wai ដែលជាមន្ត្រីកងកម្លាំងព្រំដែនចក្រភពអង់គ្លេស និងឈ្មោះ Matthew Trickett ដែលជាអ្នកស៊ើបអង្កេតឯកជន។ អ្នកទាំងនោះត្រូវបានចោទប្រកាន់ថា បានប្រមូលព័ត៌មាន ការឃ្លាំមើល និងបោកបញ្ឆោតដែលទំនងជាជួយដល់សេវាស៊ើបការណ៍សម្ងាត់បរទេស នៅចន្លោះខែធ្នូ ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤។ តែយ៉ាងណាក្ដី អាជ្ញាធរមិនបានបញ្ជាក់ពីឈ្មោះភ្នាក់ងារនោះឡើយ៕