
រាប់ចាប់ពីពាក្យលេងសើច ដែលថា លោកចង់ឲ្យលោក Donald Trump ចាក់ថ្នាំបង្កា ពោលគឺជាសម្ដីចំអកពេលលោក Trump ដេកលក់នៅក្នុងការកាត់ក្តីរបស់លោកនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់លោក ដើម្បីធ្វើឲ្យគូប្រជែងរបស់លោកកាន់តែអាប់ឱន។
លោក Biden និងក្រុមយុទ្ធនាការរបស់លោក បានបង្កើនការវាយប្រហារផ្ទាល់ខ្លួនទៅលើគណបក្សសាធារណរដ្ឋ ក្នុងរយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះរហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកា ដោយបុរសវ័យ ៨១ឆ្នាំរូបនេះ បានប្រើសំដីបន្តុះបង្អាប់ និងមើលងាយយ៉ាងចាស់ដៃ។
ក្នុងការធ្វើដូច្នេះ គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមបង្ហាញពីខុសប្លែកលើបុរសម្នាក់ ដែលចូលចិត្តប្រើពាក្យប្រមាថមាក់ងាយខាងនយោបាយ។ ប៉ុន្តែក្រុមយុទ្ធនាការឆ្នាំ២០២៤ របស់លោក Biden ទទូចថា វាមិនមែនជាការឥតប្រយោជន៍ទេ ហើយត្រូវបានរៀបចំឡើងដើម្បីបង្ហាញសារនយោបាយ។
អ្នកនាំពាក្យនៃក្រុមយុទ្ធនាការរបស់លោក Biden គឺលោក James Singer បានប្រាប់សារព័ត៌មាន AFP ថា៖ «លោកប្រធានាធិបតី Biden និងក្រុមយុទ្ធនាការរបស់យើង នឹងធ្វើឲ្យច្បាស់លាស់នូវជម្រើសជាមូលដ្ឋាន ដែលអ្នកបោះឆ្នោតប្រឈមជាមួយ នៅក្នុងការបោះឆ្នោតនេះ»។
លោកបាននិយាយថា៖ «លោក Donald Trump បានសន្យាថា នឹងធ្វើឲ្យអាមេរិកមានភាពអស្ចារ្យ ផ្ទុយទៅវិញលោកបានធ្វើឲ្យអាមេរិកដូចរូបលោក នោះគឺភាពគ្មានការងារធ្វើ ទន់ខ្សោយ និងអន់ថយ។ យុទ្ធនាការរបស់លោក Joe Biden គឺនិយាយអំពីប្រជាជនអាមេរិក ហើយអនាគត ដែលលោកជឿថា យើងទាំងអស់គ្នាអាចសាងរួមគ្នាបាន»។
សូមបញ្ជាក់ថា អតីតប្រធានាធិបតីលោក Trump បានបង្ហាញពីភាពប៉ិនប្រសប់ជាយូរយារណាស់មកហើយ សម្រាប់ការគ្របដណ្ដប់លើព័ត៌មានបន្តបន្ទាប់ជាមួយនឹងសេចក្តីថ្លែងការណ៍ចម្លែកខុសគេ និងការវាយប្រហារផ្នែកនយោបាយ។ ជាច្រើនឆ្នាំមកនេះ លោកបានចំអកឲ្យលោក Biden ពាក់ព័ន្ធនឹងអាយុ បើទោះបីជារូបលោកនៅក្មេងជាងតែ ៤ឆ្នាំ។ លោក Biden ឥឡូវនេះកំពុងប្រឹងប្រែង ដើម្បីក្លាយជាទីចាប់អារម្មណ៍ដោយផ្ទាល់ខ្លួនលោក៕