
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានជួបជាមួយគណៈប្រតិភូហាម៉ាស ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសកាតា ក្នុងការបង្ហាញថ្មីនៃការគាំទ្រចំពោះក្រុមនេះ ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្ម ដោយសហរដ្ឋអាមេរិក។
លោក អាន់វ៉ា បានសម្តែងការអរគុណរបស់ប្រទេសម៉ាឡេស៊ីដល់ក្រុមហាម៉ាសចំពោះឆន្ទៈរបស់ខ្លួន ក្នុងការដោះលែងចំណាប់ថ្នូរ និងទទួលយកផែនការសន្តិភាពដែលដាក់ចេញដោយពិភពអារ៉ាប់ នេះបើយោងតាមការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃអង្គារ។ លោកក៏បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ចប់ការវាយប្រហារលើប៉ាឡេស្ទីន ដោះលែងអ្នកទោស និងយល់ព្រមតាមផែនការនេះ។
លោក បាននិយាយនៅក្នុងសារបង្ហោះនៅលើហ្វេសប៊ុកថា៖«ម៉ាឡេស៊ី នឹងនៅតែប្តេជ្ញាដើរតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិសម្រាប់ការបញ្ចប់ការវាយប្រហារលើទីក្រុងរ៉ាហ្វា»។
លោក អាន់វ៉ា ជាអ្នកតស៊ូមតិដ៏រឹងមាំបំផុតនៃបុព្វហេតុប៉ាឡេស្ទីន នៅអាស៊ីអាគ្នេយ៍ បាននិយាយថា កាលពីឆ្នាំមុនថា ម៉ាឡេស៊ី នឹងមិនទទួលស្គាល់អ្វីដែលខ្លួននិយាយថា ជាការប៉ុនប៉ងឯកតោភាគីដោយសហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងការគាំទ្ររបស់ក្រុមហាម៉ាសនោះទេ។ មេដឹកនាំម៉ាឡេស៊ី មានទំនាក់ទំនងមិត្តភាពជាយូរយារណាស់មកហើយជាមួយក្រុមនេះ ហើយតែងតែធ្វើបាតុកម្ម នៅក្នុងប្រទេសប្រឆាំងនឹងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែល។
លោក អាន់វ៉ា បានបញ្ជាក់ថា មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) បានដឹកនាំគណៈប្រតិភូ។ លោក នាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខដល់ លោកហានីយេចំពោះការស្លាប់សមាជិកគ្រួសាររបស់លោក។ លោក អាន់អា ក៏ត្រូវបានផ្តល់ឲ្យនូវព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពចុងក្រោយបំផុត នៅតំបន់ហ្កាហ្សា និងទីក្រុងរ៉ាហ្វាផងដែរ។