
សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ (ទី១៣ ខែឧសភា) បានចុះហត្ថលេខាលើច្បាប់ហាមប្រាមសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ហើយរបស់រុស្ស៊ី ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរំខានដល់ការលុកលុយរបស់ប្រធានាធិបតី លោក Vladimir Putin លើអ៊ុយក្រែន។
ការហាមឃាត់ការនាំចូលឥន្ធនៈ សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ ចាប់ផ្តើមក្នុងរយៈពេលប្រហែល ៩០ថ្ងៃ បើទោះបីជាខ្លួនអនុញ្ញាតឲ្យក្រសួងថាមពលចេញការលើកលែង ក្នុងករណីមានបញ្ហាការផ្គត់ផ្គង់ក៏ដោយ។
គួរបញ្ជាក់ថា រុស្សីគឺជាអ្នកផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ហើយ បានច្រើនជាងគេលើពិភពលោក ហើយប្រហែល ២៤ភាគរយនៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ហើយដែលប្រើប្រាស់ដោយរោងចក្រថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺមកពីប្រទេសនេះ។
ច្បាប់នេះក៏បើកផ្លូវឲ្យមានការផ្ដល់មូលនិធិប្រហែល ២,៧ពាន់លានដុល្លារ នៅក្នុងច្បាប់មុន ដើម្បីកសាងឧស្សាហកម្មឥន្ធនៈអ៊ុយរ៉ាញ៉ូមរបស់សហរដ្ឋអាមេរិក។
ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះ ប្រធានាធិបតីលោក Biden បានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ជាធរមាននូវវិធានការប្រវត្តិសាស្ត្រជាបន្តបន្ទាប់ ដែលនឹងពង្រឹងថាមពល និងសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសរបស់យើង ដោយកាត់បន្ថយ និងលុបបំបាត់ការពឹងផ្អែករបស់យើងលើរុស្ស៊ី សម្រាប់ថាមពលនុយក្លេអ៊ែរស៊ីវិល»៕