
ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ។
ក្រសួងបានបន្តថា លោក ពូទីន នឹងជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ដែលនឹងចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង បានបញ្ជាក់ពីការធ្វើដំណើរនេះ ដោយបាននិយាយថាលោកពូទីន នឹងធ្វើដំណើរទៅតាមការអញ្ជើញរបស់លោកស៊ី ហើយនេះ នឹងជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក ពូទីន ចាប់តាំងពីលោក បានស្បថចូលកាន់តំណែងជាប្រធានាធិបតី និងបានចាប់ផ្តើមកាន់តំណែងក្នុងអាណត្តិទី៥របស់លោក។
ប្រទេសចិន បានគាំទ្ររុស្ស៊ីផ្នែកនយោបាយ នៅក្នុងជម្លោះនៅអ៊ុយក្រែន ហើយបានបន្តនាំចេញឧបករណ៍ម៉ាស៊ីន និងរបស់របរផ្សេងទៀត ដែលត្រូវបានគេមើលឃើញថា បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង សង្គ្រាមរុស្ស៊ី ដោយមិនមានការនាំចេញអាវុធពិតប្រាកដនោះទេ។
ប្រទេសចិន ក៏ជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់ថាមពល ដែលវិមានក្រឹមឡាំងមានថវិកាគ្រប់គ្រាន់សម្រាប់ការចំណាយរបស់ខ្លួន។ ក្រសួងការបរទេសចិន បាននិយាយថា លោក ស៊ី នឹងពិភាក្សាជាមួយលោកពូទីន អំពី «កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗនៃទំនាក់ទំនងទ្វេភាគី...ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម» ផងដែរ។