
រដ្ឋមន្ត្រីស្រមោលពីររូប បាននិយាយថា រដ្ឋាភិបាលនៃគណបក្សការងារ នឹងមាន «ការប្តេជ្ញាចិត្តដ៏មុតមាំ» ក្នុងការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
ការសន្យានេះ បានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេសស្រមោលលោក David Lammy និងរដ្ឋ មន្ត្រីការពារជាតិស្រមោលលោក John Healey បានធ្វើទស្សនកិច្ច នៅរដ្ឋធានីគីវរបស់ប្រទេសអ៊ុយ ក្រែន។
លោកទាំងពីរ បានធ្វើទស្សនកិច្ច ដើម្បីពិភាក្សាអំពី «ផែនការថ្មីរបស់ចក្រភពអង់គ្លេស» ដើម្បីជួយធានាបាននូវជ័យជម្នះប្រឆាំងនឹង «ការឈ្លានពានចក្រពត្តិ»របស់រុស្ស៊ី។
លោក នាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak) បាននិយាយថា គណបក្សការងារ នឹងមិនត្រូវគ្នានឹងការចំណាយលើការការពាររបស់គណបក្សអភិរក្សទេ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក Lammy និងលោក Healey បាននិយាយថា ពួកគេ បានធ្វើទស្សនកិច្ចរួមគ្នា ដើម្បីបង្ហាញពីរណសិរ្សរួបរួមប្រឆាំងនឹងការប៉ុនប៉ងរបស់លោក ពូទីន ក្នុងធ្វើឲ្យលោកខាងលិច បែកបាកគ្នា។
ពួកគេបាននិយាយថា៖«កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរបស់ទីក្រុងមូស្គូ ជាមួយទីក្រុងប៉េកាំង តេហេរ៉ង់ និងទីក្រុងព្យុងយ៉ាង ទាមទារឲ្យយើងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេស ដើម្បីបង្ហាញថា ការប្តេជ្ញាចិត្តរបស់យើងចំពោះអ៊ុយក្រែន នឹងអាចយកឈ្នះការឈ្លានពានចក្រពត្តិរបស់លោក វ្ល៉ាឌីមៀ ពូទីន»។