
កីឡាករបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី លោក Faisal Halim ដែលរងការរលាកកម្រិតទី៤ ពីការវាយប្រហារដោយជះទឹកអាស៊ីត ឥឡូវនេះ ស្ថិតក្នុងស្ថានភាពមានសុវត្ថិភាព បន្ទាប់ពីបានទទួលការវះកាត់ចំនួន ៣ដង កាលពីថ្ងៃទី៩ ខែឧសភា។
កីឡាកររបស់ក្លិប Selangor FC ដែលត្រូវបានអ្នកគាំទ្រផ្ដល់ឈ្មោះឲ្យដោយក្ដីស្រឡាញ់ថា Mickey បានបង្ហាញភាពល្អប្រសើរជាវិជ្ជមាន និងបានផ្ដល់សញ្ញាពីការឃ្លានអាហារ ដោយបង្ហាញពីការចង់បរិភោគ «Nasi Kandar» (ណាស៊ីកាន់ដា) ជាមុខម្ហូបដែលមានបាយ និងសម្លការី និងម្ហូបអមក្បែរខាងផ្សេងទៀត។
យោងតាមគេហទំព័រព័ត៌មាន Majoriti បានឲ្យដឹងថា ប្រធានគណៈកម្មាធិការបច្ចេកទេសរបស់ក្លិប Selangor FC លោក Shahril Mokhtar បាននិយាយថា ចាប់តាំងពីពេលវះកាត់នោះមក លោក Faisal ត្រូវបានផ្ទេរចេញពីបន្ទប់ថែទាំសង្គ្រោះបន្ទាន់ និងបញ្ជូនទៅកាន់កន្លែងថែទាំទូទៅ។
នៅក្នុងវីដេអូដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយ Astro Arena នៅលើវេទិកាបណ្ដាញសង្គម X នៅថ្ងៃអង្គារ (ទី១៤ ខែឧសភា) នេះ លោកបានឲ្យដឹងបន្ថែមថា៖ «តែទោះជាយ៉ាងណាក៏ដោយ ការចូលទៅសួរសុខទុក្ខណាមួយ មិនទាន់ត្រូវបានអនុញ្ញាតនៅឡើយទេ នាពេលនេះ»។
នៅក្នុងវីដេអូនេះ លោក Datuk Seri Shahril បាននិយាយថា លោកបានទាក់ទងជាមួយកីឡាករ Faisal ជាប់ជានិច្ច តាមរយៈសារជាសំឡេង។
ប្រធានគ្រូពេទ្យកីឡារបស់ក្លិប Selangor FC លោក Muhammad Hazwan Khair បានពន្យល់នៅមុននេះថា ការព្យាបាលពីប្រទេសបែលហ្ស៊ិក ដែលមានតម្លៃ ៣០.០០០រីងហ្គីត (ជាង ៦.០០០ដុល្លារ) ត្រូវបានគេរំពឹងថា នឹងអាចជួយឲ្យខ្សែបម្រើស្លាបជម្រើសជាតិរូបនេះជាសះស្បើយយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា លោក Faisal ជាជនរងគ្រោះនៃការវាយប្រហារដោយទឹកអាស៊ីតនៅមជ្ឈមណ្ឌលលក់ទំនិញមួយ នៅតំបន់ទីក្រុងជ្រលងភ្នំ Klang។ ក្រោយកើតហេតុការណ៍នោះ រូបគេបានរងរបួសលើដងខ្លួន ដៃ និងមុខ ដោយសារការហូររាលដាលរបស់ទឹកអាស៊ីត៕