ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ចង់រៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយ ជាមួយទីក្រុងគុនមីញ ប្រទេសចិន ដើម្បីឲ្យវិស័យទេសចរណ៍នៅរាជធានីភ្នំពេញរបស់កម្ពុជា និងទេសចរណ៍នៃទីក្រុងគុនមីញ ប្រទេសចិន មានការកើនឡើង។
ការបង្ហាញពីបំណងបែបនេះរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លីវ ហុងឈាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ដើម្បីជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំង២ មានការកើនឡើង គឺគួរធ្វើការងាររួមគ្នាដោយរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍មួយ ដើម្បីឲ្យប្រជាពលរដ្ឋនៃទីក្រុងទាំងពីរបានទៅទេសចរណ៍ទៅវិញទៅមករវាងទីក្រុងគុនមីញ និងទីក្រុងភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយបន្ថែមពីនេះកម្ពុជា ក៏មានប្រាសាទជាច្រើន ពិសេសនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។មចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម។ទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរមានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញអាចមកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជាទៅខេត្តសៀមរាបផងដែរ។
ក្នុងជំនួបនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៣លាននាក់ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ នោះគឺបញ្ហាកកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ ប៉ុន្តែការងារនេះអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងដោះស្រាយឲ្យបានប្រសើរឡើង។ ជាគម្រោងរបស់រាជធានីភ្នំពេញគឺចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះកំពុងតែរកដៃគូ ដើម្បីបង្កើតនូវទីក្រុងរណបថ្មីមួយដែលជាទីក្រុងវៃឆ្លាត។
ឯកឧត្តម លីវ ហុងឈាន បានលើកឡើងដែរថា ក្រោយមកដល់រាជធានីភ្នំពេញ ឃើញថារាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ៗច្រើន ដែលគួរឲ្យស្រឡាញ់រាជធានីភ្នំពេញ។ ទីក្រុងគួនមីញ និងរាជធានីភ្នំពេញមានទំនាក់ទំនងល្អជាច្រើនឆ្នាំមកហើយ ហើយនៅខែវិច្ឆិកា ឆ្នាំ២០២៤ ទីក្រុងគុនមិញ នឹងមានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនោះ ទីក្រុងគុនមីង នឹងអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងគុនមិញ។ ជាបំណងរបស់ឯកឧត្ដមគឺចង់ឲ្យប្រជាជននៃទីក្រុងគុនមីញ មកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាឲ្យបានច្រើន ហើយក៏មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជាទៅទេសចរណ៍នៅទីក្រុងគុនមីញ ដើម្បីបានមើលផ្កាស្រស់ក៏ដូចជាថ្មសមុទ្រនៅទីក្រុងគុនមីញឲ្យបានច្រើនផងដែរ។
ឯកឧត្តម លីវ ហុងឈាន បន្ថែមថា ទីក្រុងគុនមីញមានស្រុក ខណ្ឌចំនួន១៤ ដូចរាជធានភ្នំពេញដែរ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៨លាននាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ ១៥អង្សាសេ ជាទីក្រុងដែលមានផ្កាស្រស់ដែលអាចនាំផ្កាស្រស់ចេញទៅក្រៅប្រទេសបានប្រមាណ ១៣៥ពាន់លានដើម ក្នុងមួយឆ្នាំ។ ទីក្រុងនេះក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំងពិសេសលើវិស័យទេសចរណ៍៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







