
នាយកដ្ឋានកែប្រែរបស់ព្រះរាជាណាចក្រថៃ បានឲ្យដឹងថា សកម្មជនសិទ្ធិមនុស្សថៃម្នាក់ ដែលត្រូវបានឃុំខ្លួនពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ បានទទួលមរណភាពហើយ នៅថ្ងៃអង្គារ (ទី ១៤ ខែឧសភា) ខណៈពេលដែលធ្វើកូដកម្មអត់អាហារ នៅក្នុងមន្ទីរឃុំឃាំង។
នាង Netiporn Sanae-sangkhom សកម្មជនមកពីក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ «Thaluwang» ត្រូវបានឃុំខ្លួនបណ្តោះអាសន្នតាំងពីខែមករាមកម្ល៉េះ។ នាងត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ តាមរយៈការតវ៉ាលើក្បួនរថយន្តរាជវង្ស ក្នុងឆ្នាំ២០២០ អំឡុងពេលមានចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងខ្លាំងក្លាបំផុតដែលដឹកនាំដោយក្រុមយុវជនរបស់ប្រទេសនេះ។
លក្ខខណ្ឌមួយចំនួននៃច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោកមួយនេះ ជួយការពារព្រះមហាក្សត្រ Maha Vajiralongkorn និងព្រះរាជវង្សានុវង្សរបស់ព្រះអង្គ ដោយបទល្មើសនីមួយៗ អាចជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការឃុំខ្លួន នាង Netiporn វ័យ ២៨ឆ្នាំបានធ្វើកូដកម្មអត់អាហារភ្លាមៗ ដើម្បីតវ៉ាប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌ថៃ ហើយត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យរបស់នាយកដ្ឋានកែប្រែ ដោយសារបញ្ហាសុខភាព។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយនាយកដ្ឋានកែប្រែ បានឲ្យដឹងថា នាង Netiporn ដែលត្រូវបានគេស្គាល់ផងដែរដោយឈ្មោះហៅក្រៅរបស់នាងថា «Boong» បានកើតអាការទន់ដៃទន់ជើង និងមានសភាពស្លេកស្លាំង។ សេចក្តីថ្លែងការណ៍ បានប្រាប់ថា នាងបដិសេធមិនបរិភោគ «សារធាតុរ៉ែ និងវីតាមីន» ដែលមន្ទីរពេទ្យផ្ដល់ឲ្យ។
ដោយបញ្ជាក់បន្ថែមថា មន្ទីរពេទ្យនឹងធ្វើកោសល្យវិច័យ ដើម្បីកំណត់មូលហេតុនៃការស្លាប់នេះ សេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងថា៖ «នាងបានគាំងបេះដូង នៅព្រឹកថ្ងៃអង្គារនេះ ហើយមិនមានប្រតិកម្មតបនឹងការព្យាបាល ដែលនាំឲ្យនាងស្លាប់ដោយស្ងប់ស្ងាត់ នៅវេលាម៉ោង ១១:២២នាទីព្រឹក»៕