
នគរបាលបារាំងបានឲ្យដឹងថា យ៉ាងហោចណាស់ឆ្មាំពន្ធនាគារបារាំង ២រូប ត្រូវបានបាញ់សម្លាប់ និង ៣នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃអង្គារ (ទី១៤ ខែឧសភា) នេះ បន្ទាប់ពីជនប្រដាប់អាវុធធុនធ្ងន់ បានពួនស្ទាក់វាយប្រហាររថយន្តពន្ធនាគារ ដើម្បីរំដោះអ្នកទោសម្នាក់ ដោយបង្កឲ្យមានប្រតិបត្តិការតាមប្រមាញ់ដ៏ធំមួយ នាពេលនេះ។
ការរៀបចំវាយប្រហារ ដែលលេចឡើងចំពេលមានការកើនឡើងនៃអំពើហិង្សាពាក់ព័ន្ធនឹងគ្រឿងញៀន នៅទូទាំងទ្វីបអឺរ៉ុបនោះ បានកើតមានឡើងនៅវេលាម៉ោងប្រហែល ៩:០០ ម៉ោងសកល នៅឯកន្លែងគិតលុយមួយ ក្នុងសង្កាត់ Incarville នៃតំបន់ Eure ភាគខាងជើងប្រទេសបារាំង។ នគរបាលបាននិយាយថា អ្នកទោសដែលមិនត្រូវបានបញ្ចេញឈ្មោះ និងអ្នកវាយប្រហារ បានរត់គេចខ្លួនរួច។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gérald Darmanin បានឲ្យដឹងថា ប្រតិបត្តិការតាមប្រមាញ់ដ៏ធំមួយ ត្រូវបានចាប់ផ្តើមឡើង។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «មធ្យោបាយទាំងអស់ត្រូវបានប្រើប្រាស់ ដើម្បីតាមស្វែងរកឧក្រិដ្ឋជនទាំងនេះ។ តាមការណែនាំរបស់ខ្ញុំ នគរបាល និងអាវុធហត្ថជាច្រើនរយនាក់ត្រូវបានប្រមូលផ្តុំ»។
គួរបញ្ជាក់ថា រូបភាពនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា យ៉ាងហោចណាស់បុរស ២នាក់ ដែលពាក់ស្រោមមុខជិតកាន់កាំភ្លើងវែងឈរនៅជុំវិញក្បែររថយន្តម៉ាក SUV ដែលកំពុងឆេះ។ រថយន្តម៉ាក SUV ទំនងជាបានបើកបុកចំពីមុខរថយន្តរបស់ពន្ធនាគារ ដែលដឹកអ្នកទោស៕