ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា កម្ដៅរដូវក្តៅនៅអឌ្ឍគោលខាងជើងដ៏ខ្លាំងក្លាដែលបានជំរុញឱ្យមានចំហេះព្រៃនៅទូទាំងសមុទ្រមេឌីទែរ៉ាណេ បង្កការខូចខាតដល់ផ្លូវថ្នល់ក្នុងរដ្ឋតិចសាស់ (Texas) របស់អាមេរិក និងប៉ះពាល់ខ្លាំងដល់បណ្តាញអគ្គិសនីនៅក្នុងប្រទេសចិន កាលពីឆ្នាំមុន បានធ្វើឱ្យវាមិនត្រឹមតែជារដូវក្តៅក្តៅបំផុតក្នុងកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែជាការក្តៅបំផុតក្នុងរយៈពេល ២.០០០ ឆ្នាំមកនេះ។

ការសិក្សាថ្មី ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិធម្មជាតិ កាលពីថ្ងៃអង្គារ (១៤ ឧសភា) ប្រាប់អំពីសីតុណ្ហភាពកើនឡើងខ្លាំងឆ្នាំ២០២៣ ក្នុងរយៈពេលដ៏វែងឆ្ងាយ ដែលជាការរកឃើញដែលបង្កើតឡើងដោយមើលលើកំណត់ត្រាឧតុនិយមមានតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៨០០ និងទិន្នន័យសីតុណ្ហភាពដោយផ្អែកលើការវិភាគនៃរង្វង់ដើមឈើនៅទូទាំងភាគខាងជើងចំនួនប្រាំបួនទីតាំង។
ការសិក្សានេះបាននិយាយថា សីតុណ្ហភាពរដូវក្ដៅកាលពីឆ្នាំមុននៅលើដីចន្លោះពី ៣០ ទៅ ៩០ ដឺក្រេនៃរយៈទទឹងខាងជើង បានឈានដល់កម្រិត ២,០៧ អង្សាសេ ឬ ៣,៧៣ អង្សាហ្វារិនហៃ ខ្ពស់ជាងមធ្យមភាគមុនឧស្សាហកម្ម។

ដោយផ្អែកលើទិន្នន័យរង្វង់ដើមឈើ បណ្ដាខែរដូវក្តៅក្នុងឆ្នាំ ២០២៣ ជាមធ្យមគឺមានសីតុណ្ហភាព ២,២ អង្សាសេ ឬ ៤ អង្សាហ្វារិនហៃ ក្តៅជាងសីតុណ្ហភាពជាមធ្យមដែលបានប៉ាន់ប្រមាណនៅទូទាំងឆ្នាំទី ១ ដល់ឆ្នាំ ១៨៩០។
ការរកឃើញនេះកើតចេញពីការសិក្សាថ្មីមួយក្នុងចំណោមការសិក្សាថ្មីចំនួនពីរដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ខណៈដែលទាំងសីតុណ្ហភាពពិភពលោក និងការបំភាយកម្ដៅអាកាសធាតុបន្តកើនឡើង។ ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសយ៉ាងឆាប់រហ័សកាលពីខែមិថុនា ដល់ខែសីហា ឆ្នាំមុនថាជារយៈពេលក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៤០ មក៕
