នៅភាគឦសានប្រទេសអាហ្សង់ទីន នៅក្នុងខេត្ត ខរ៉េន (Corrientes) និងខេត្ត អង់ត្រេ រីអូស(Entre Rios) ព្រមទាំងនៅតំបន់ជាច្រើនទៀត នៅតែត្រូវបានជន់លិចដោយទឹកជំនន់កាលពីថ្ងៃអង្គារ បណ្តាលមកពីទឹកភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារនៅភាគខាងត្បូងប្រទេសប្រេស៊ីល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ប្រជាជនរាប់រយគ្រួសារ ត្រូវបានជម្លៀសចេញដោយសារតែទឹកជំនន់នៃទន្លេអ៊ុយរ៉ាហ្គាយ ដែលបានពេញហៀរចេញ។

នៅក្នុងខេត្ត Entre Rios ទឹកទន្លេដែលពេញហៀរ បានធ្វើឲ្យប៉ះពាល់ជាចម្បងដល់ទីក្រុង Concordia ជាកន្លែងដែលរបាយការណ៍ត្រូវបានចេញផ្សាយដោយអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា បញ្ជាក់ថា ប្រជាជនសរុបចំនួន ១៦៧គ្រួសារ ស្មើនឹង ៥៦៨នាក់ ត្រូវបានជម្លៀសចេញ ដែល៣៥៩នាក់ ត្រូវបានបញ្ជូនទៅកាន់លំនៅឋានឯកជន និង២០៩នាក់ទៀត បញ្ជូនទៅកាន់មជ្ឈមណ្ឌលជម្លៀស។
ទន្ទឹមនឹងនេះ នៅប្រទេសអ៊ុយរ៉ាហ្គាយ ក៏បានព្យាយាមទប់ទល់ទៅនឹងការបំផ្លិចបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុកនៅប្រទេសនេះ បណ្តាលឱ្យប្រជាជនជាងពីរពាន់នាក់ត្រូវជម្លៀសខ្លួនចេញ។
