អង្គការសប្បុរសធម៌ពិភពលោក Save the Children បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កុមារប្រហែល ៤០.០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងខេត្តបាឡាន (Baghlan) ភាគខាងជើងក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានវាយប្រហារខេត្ត នេះ និងតំបន់ផ្សេងទៀត កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោក អាសាដ ម៉ាលីគ (Arshad Malik)នាយកអង្គការសប្បុរសធម៌ប្រចាំតំបន់នេះ បាននិយាយថា កុមារមានការភ័យខ្លាច។ មនុស្សជាច្រើនបានបាត់បង់អ្វីៗគ្រប់គ្រង មិនត្រឹមតែផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំង សាលារៀន និងកន្លែងដែលពួកគេលេងរាល់ថ្ងៃផងដែរ។ ពួកគេបានបាត់បង់អ្វីៗទាំងអស់ដែលធ្លាប់មាន។ពួកគេបានបាត់បង់ទម្លាប់ទាំងអស់នៅអាហ្វហ្គានីស្ថាន។

យោងតាមការិយាល័យកម្មវិធីស្បៀងអាហារពិភពលោកក្នុងប្រទេសអាហ្វានីស្ថាន និងមន្ត្រីអាហ្វហ្គានីស្ថានក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៣៣០ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសក្រីក្រមួយនេះ ដែលភាគច្រើននៅក្នុងខេត្តបាឡាននិងមួយចំនួននៅក្នុងខេត្ត តាកា(Takhar)ខេត្ត បាដាកសាន (Badakhshan) និងខេត្តហ្គ័រ (Ghor ) ។

អង្គការពិភពលោកនានា និងក្រុមមន្ត្រីអាហ្វហ្គានីស្ថាន បានព្រមានពីការកើនឡើងចំនួនអ្នកស្លាប់ និង ជំងឺឆ្លង ជាពិសេសក្នុងចំណោមកុមារ បន្ទាប់ពីទឹកជំនន់។ឮ
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនក្រុមឆ្លើយតបបន្ទាន់ចំនួន៨ក្រុមទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដើម្បីតាមដានហានិភ័យនៃការឆ្លងជំងឺ ដង្កាត់ផ្សេងៗ៕